រាជធានីភ្នំពេញ : ម៉េចក៏ខឹងដល់ថ្នាក់ប្រើកាំភ្លើង AK (អាកា) ឆ្លេឆ្លាគំរាមគេបែបនេះ បើទោះបីខ្លួនបានញ៉ែប្រពន្ធគេ ឬក៏មិនបានញ៉ែក៏ដោយ ក៏ត្រូវជួបគ្នានិយាយគ្នាឱ្យច្បាស់លាស់ និងសន្តិវិធីផងដែរ… កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចុះប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមន្ត្រីយោធា ផ្នែកកងកិត្តិយសត្រែទ័ព ពីបទប្រើប្រាស់កាំភ្លើង AK47 គំរាមកំហែងទៅបុរសម្នាក់ទៀត នៅចំណុចយឿត្រីថ្មី គល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដោយជនកាន់កាំភ្លើងរូបនេះ ខឹងនឹងបុរសម្ខាងទៀតនោះ ដោយចោទខ្កួនថា ប៉ុនប៉ងចែចង់ប្រពន្ធរបស់គេ។
ជនសង្ស័យឈ្មោះ សុខ មនោរម្យ ជាមន្ត្រីយោធា បម្រើការផ្នែកកងកិត្តិយសត្រែទ័ព, បច្ចុប្បន្នស្នាក់នៅផ្ទះ លេខ 68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលគេតាមភ្ជង់កាំភ្លើង ឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ត្រី។
យោងតាមការស្ដាប់ចម្លើយ ជនសង្ស័យ បានសារភាពថា នៅវេលាម៉ោង ៧:៣២នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យ សុខ មនោរម្យ បានជិះរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស 350 ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02.2.6171 ដោយដាក់អាវុធវែង AK47 ក្នុងរថយន្ត ពេលមកដល់កន្លែងកើតហេតុ បានយកអាវុធវែង AK47 ចេញពីក្នុងរថយន្ត កាន់ជាប់ដៃយកទៅគំរាមជនរងគ្រោះ ឈ្មោះ តែ ប្រុស និងអ្នកជិតខាង ដោយជនកាន់កាំភ្លើងរូបនេះ ស្រែកឡូឡាថា អាណាគេថា អញញ៉ែប្រពន្ធឯង, មានន័យថា ជនកាន់កាំភ្លើង ប្រកាន់ថា ជនរងគ្រោះ និងអ្នកជិតខាង ចោទខ្លួនថា បានទំនាក់ទំនងស្នេហា ជាមួយប្រពន្ធជនរងគ្រោះ។
ក្រោយពីធ្វើសកម្មភាពក្អេងក្អាងរួច ជនសង្ស័យ សុខ មនោរម្យ បានបើករថយន្តចេញទៅ រួចយកកាំភ្លើងទៅរក្សាទុកនៅក្នុងឃ្លាំង នៃអង្គភាពកងកិត្តិយសត្រែទ័ព។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ អ្វីដែលគួរឱ្យកត់សម្គាល់នៅកន្លែងកើតហេតុនោះ គេមើលឃើញថា នៅពេលដែលជនប្រើប្រាស់កាំភ្លើង AK47 សុខ មនោរម្យ ចេញពីជម្លោះបកក្រោយចូលរថយន្តវិញនោះ គឺមនុស្សម្នានៅទីនោះបានស្រែកញុះញង់ដាក់ជនប្រើកាំភ្លើងអាកាយ៉ាងខ្លាំង ចុះប្រសិនជាជនប្រើកាំភ្លើងអាកានោះ ទប់ចិត្តមិនបានវិញ វាមិនគ្រោះថ្នាក់មនុស្សច្រើនអ្នកទៅហើយទេ ? នេះជាចំណុចគួរគិតពិចារណា។
មហាជននិយាយចំពោះករណីនេះថា អារឿងចែចង់ស្រីនេះ មនុស្សប្រុសណាក៏មានដែរ ប៉ុន្តែត្រូវចេះទទួលស្គាល់ចំពោះភាពមានខ្មាសរបស់គេរបស់ឯង, បើចែចង់ចំស្រីនៅលីវ នោះមិនអីទេ តែបើចែចង់ប៉ះចំស្រីមានប្ដីហើយ ឬជាប្រពន្ធគេនោះ ទើបជាបញ្ហា គឺខ្លួនឯងអ្នកចែចង់ស្រីនោះខុសតែម្ដង ព្រោះថា ដឹងគេមានប្ដីហើយនៅតែចែចង់គេទៀត សង្គមមិនលើកទឹកចិត្តទេមនុស្សរបៀបនេះ។
អ្នកខ្លះទៀតនិយាយថា ទោះជាមានបុរសណាទៅចែចង់ស្ត្រីដែលជាប្រពន្ធគេហើយក៏ដោយ គឺកូនសោនៅលើស្ត្រីនោះតែប៉ុណ្ណោះ មិនមែនចេះតែរបូតដោយងាយទេ… ប៉ុន្តែយ៉ាងណាក៏ដោយ មនុស្សស្រីខ្លះ ស្ថិតក្នុងស្ថានភាពរបៀបនេះ គឺប្រៀបដូចជាកំពុងឈរនៅចំចំណុចកណ្ដាលនៃព្រំដែនយ៉ាងដូច្នោះអញ្ចឹង ហើយនៅពេលមាននរណាម្នាក់ច្រាននាងទៅខាងព្រំដែនណាមួយហើយ គឺច្បាស់ណាស់ថា នាងពិតជារលំទៅខាងព្រំដែននោះមិនខានឡើយ… អ៊ីចឹងទេ មានតែគោរពតាមច្បាប់ប្រពៃណី ច្បាប់ទំនាមនិទម្លាប់ និងនីត្យានុកូលភាពច្បាប់ ឯកពន្ធភាពប៉ុណ្ណោះ ព្រមទាំងច្បាប់ប្រើប្រាស់អាវុធ, ច្បាប់កងវិន័យយោធា ។ល។…៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN



