ខេត្តពោធិ៍សាត់៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម សុំអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានធ្លាក់បាត់ដាននៅភូមិសាស្ត្រស្រុកវាលវែងដែលមិនទាន់រកឃើញ ដោយសារមូលហេតុអាកាសធាតុភ្លៀងធ្លាក់បង្អោររាល់ថ្ងៃ ទើបកម្លាំងចម្រុះពិបាកក្នុងការស្វែងរក។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអញ្ជើញចុះផ្ទាល់ដល់ភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជេីញចុះជួប ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងដើម្បីសួរសុខទុក្ខ ដល់កងកម្លាំងក្រុមការងារចម្រុះ ដែលកំពុងប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ៖ សូមអរគុណដល់ឯកឧត្តម ខូយ រីដា ដែលបានចុះអន្តរាគមន៍ជាប្រចាំ នឹងបានយកចិត្តទុកដាក់ដល់សុខទុក្ខ និងបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់កងកម្លាំងចម្រុះក្នុងការប្រតិបត្តិការរាល់ថ្ងៃ។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត សូមអរគុណដល់ការខិតខំប្រែងស្វែងរកយ៉ាងសស្រាក់សស្រាំក្នុងបំពេញភារកិច្ច និងសូមជូនពរក្រុមការងារចម្រុះ សូមមានសុខភាពល្អ មានសុខសុវត្ថិភាព នឹងឆាប់ទទួលបានជោគជ័យ បញ្ចប់បេសកកម្មស្វែងរកឧទ្ធម្ភាគចក្រនេះ។
ក្នុងនោះឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានសុំអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានធ្លាក់បាត់ដាននៅភូមិសាស្ត្រស្រុកវាលវែងដែលមិនទាន់រកឃើញ ដោយសារមូលហេតុអាកាសធាតុភ្លៀងធ្លាក់បង្អោររាល់ថ្ងៃ ទើបកម្លាំងចម្រុះពិបាកក្នុងការស្វែងរក។
ទោះបីអាកាសធាតុមិនអំណោយផល យ៉ាងណាពួកយើងនឹងបន្តខិតខំរុករកបន្តទៀត។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជូនពរដល់កងកម្លាំងសង្គ្រោះជួបតែសំណាងល្អ សុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច។
មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ មានរយៈពេល៨ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសបាត់ការទាក់ទងពេលកំពុងហ្វឹកហ្វឺននៅតំបន់ព្រៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើទោះបីជួបការលំបាក ដោយអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការ រុករកប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ ព្រមទាំងបានប្រើប្រាស់ កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ ។
ឯកឧត្តម កិតិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសង្រ្គោះរបស់យើងគ្រប់លំដាប់ថ្នាក់ដែលកំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងនៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



































