Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន បានបណ្តាក់ទុនវិនិយោគប្រមាណជាង ១ពាន់​លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ឈរលំដាប់ទី២ នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាន៍ថា ចិន គឺជាប្រទេស ដែលបានបណ្តាក់ទុនវិនិយោគឈរនៅលំដាប់ទី២ ស្មើនឹង ៤២,៦៤% នៃទំហំវិនិយោគសរុប ដែលមានទុនវិនិយោគប្រមាណ ១ ៣៨៩ លានដុល្លារអាមេរិក សម្រាប់ឆមាសទី១ ឆ្នាំ២០២៤នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗជាច្រើន ត្រូវបានលេចចេញជារូបរាង ដូចជា៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ហើយព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ និងផ្លូវល្បឿន​លឿនភ្នំពេញ-ក្រុងបាវិត ក៏បាននិងកំពុងដំណើរការសាងសង់ដែលនឹងលេចរូបរាង ឡើងក្នុងពេលអនាគតផងដែរ។

ក្នុងនោះ បើនិយាយតែនៅក្នុងក្របខណ្ឌនៃការកសាង និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាវិញ មិត្តចិនឈរជាប្រទេសលំដាប់ទី១ ដែលបាននិងកំពុង ផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនសរុបប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក និងសាងសង់ខ្សែផ្លូវប្រវែងសរុបប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបប្រមាណជាង ១៤ពាន់ម៉ែត្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យទាំង នយោបាយសង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាមានការផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងត្រៀមអនុវត្តគម្រោងវិនិយោគធំៗ បន្ថែមទៀត ដូចជា៖ គម្រោងព្រែកជីកហ្វូណន តេជោដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ, គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប- អង្គរទៅក្រុងសៀមរាប, គម្រោង់ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះ អន្តរជាតិតេជោ ក្រុងតាខ្មៅ, គម្រោងលើកកម្រិតផ្លូវរថភ្លើងល្បឿន​លឿន​នៅភាគខាងត្បូង និងភាគខាងជើង និងគម្រោងអភិវឌ្ឍន៍កំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក រួមជាមួយនឹងការគិតគូរធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ដើម្បីបណ្តាក់ទុនបន្ថែមលើគម្រោងវិនិយោគពាក់ព័ន្ធនឹងវិស័យអាទិភាពសំខាន់ៗមួយចំនួន ដូចជា៖ កសិ-ចំណីអាហារ, យានយន្ត, អេឡិចត្រូនិក, រ៉ែលោហធាតុ និងថាមពល, វាយនភ័ណ្ឌ និងសម្លៀកបំពាក់, កង់ និងគ្រឿងបង្គំ, គ្រឿងសង្ហារឹម និងឧស្សាហកម្មឈើដាំជាដើម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏សូមស្នើឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មេត្តាជួយជំរុញ លើកទឹកចិត្តក្រុមហ៊ុនវិនិយោគចិនបន្ថែមឱ្យបន្តទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមបណ្តាក់ទុនលើ​គម្រោង​​វិនិយោគធំៗនៅកម្ពុជា ដូចដែលបានជម្រាបជូនខាងលើ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើន​ឈាន​ទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕​

×