Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករម្នាក់ដែលចាប់រំលោភសម្លាប់ស្ត្រីជាកម្មករផ្លែស្វាយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ខេត្តព្រះសីហនុ ៖ អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសម្លាប់ស្ត្រីជាកម្មករផ្លែស្វាយម្នាក់។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបាក់រទេះបានទទួលពត៌មាន មានករណីប្រទះឃើញសាកសព ក្នុងអូរចំការស្វាយ នៅពីខាងក្រោយមានចម្ងាយប្រហែលជា១០០ម៉ែត្រពី អគារស្នាក់នៅកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ ស្ថិតក្នុងភូមស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ស៊ន សំណាង ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ ជាកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ មានស្រុកកំណើត ភូមិអណ្ដូងកន្លែង ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅអគារបុគ្គលិករោងចក្រវេចខ្ចប់ផ្លែស្វាយ។

ក្រោយទទួលបានពត៌មានភ្លាមៗ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង ឆាយ សុត្រា តំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។

ក្រោយចុះពិនិត្យកន្លែងកើតហេតុ និងការពិនិត្យសពសមត្ថកិច្ចបានកំណត់មុខសញ្ញាប្រព្រឹត្ដបទល្មើស
រហូតដល់ម៉ោង២១:៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានឈានទៅចាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៃ សាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឬស្សី២ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរកម្មករចិតផ្លែស្វាយ ស្នាក់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រោយធ្វើការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភស្រី្ដ ឈ្មោះ ស៊ុន សំណាង ពិតប្រាកដមែន។ ដែលហេតុការណ៍នេះកើតឡើងប្រហែលម៉ោង២យប់ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយជនសង្ស័យបានធ្វើសកម្មភាពចាប់យកនារីរងគ្រោះចុះពីលើអាគារស្នាក់នៅ ដាក់ចូលទៅក្នុងបន្ទប់ទឹក និងចាប់ខ្ទប់មាត់ស្ដ្រីរងគ្រោះ រួចអូសទៅខាងក្រោយអាគារប្រហែល១៥ម៉ែត្រ រួចធ្វើសកម្មភាពរំលោភតែម្តង។ ក្រោយរំលោភបានសម្រេចហើយ ជនសង្ស័យបានយកខ្សែនីឡុង ពីអាវនារីរងគ្រោះមករឹតក រហូតដល់ស្លាប់តែម្តង។ ក្រោយសម្លាប់រួច ជនសង្ស័យបានលើកសពនាងបញ្ឈរ និងអោបសាកសពយកទៅទម្លាក់ចោលនៅក្នុងអូរចំការស្វាយ ដែលស្ថិតនៅក្រោយអាគារស្នាក់នៅប្រហែល១០០ម៉ែត្រ រួចកាយស្លឹកឈើកប់ចោលសពតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តចាត់ការនិតិវិធីតាមច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×