ភ្នំពេញ៖ ក្រុមហ៊ុនឧស្សាហម្មផលិតឱសថប្រទេសកូរ៉េខាងត្បូងចំនួន ៩ ដឹកនាំដោយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា (KOTRA) ស្វែងរកដៃគូពាណិជ្ជកម្ម និងឳកាសវិនិយោគលើវិស័យផលិតឳសថនៅកម្ពុជា ។

លោក Yun Hacheong ប្រធានអគ្គនាយកនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា ហៅថា (KOTRA) ដែលជាអ្នកដឹកនាំគណៈប្រតិភូវិនិយោគិនកូរ៉េដោយផ្ទាល់ក្នុងដំណើរទស្សនកិច្ច សហគ្រាសផលិតឱសថប៉េប៉េអឹម កាលពីថ្ងៃទី ១៩ខែកក្កដានេះ បានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េ ដែលមានវត្តមាននាពេលនេះ មានបំណងស្វែងរកដៃគូដើម្បីសហការចែកចាយផលិតសម្រេចរបស់កូរ៉េ ក្នុងប្រទេសកម្ពុជា ឬក៏សហការក្នុងការផ្ទេរបច្ចេកវិទ្យាទៅដល់ដៃគូធ្វើការផលិត និងចែកចាយផលិតផលដោយផ្ទាល់នៅកម្ពុជា។

លោក បានបន្ថែមថា ការជ្រើសរើសទស្សនកិច្ចនៅប៉េប៉េអឹមនាពេលនេះ ដោយសារតែសហគ្រាសផលិតឱសថមួយនេះ ជាសហគ្រាសផលិតឱសថធំជាងគេនៅកម្ពុជា ហើយក៏ជាសហគ្រាសផលិតឱសថដ៏មានសក្តានុពល និងមានសមត្ថភាពចែកចាយផលិតផលឱសថរបស់ខ្លួននៅក្នុងទីផ្សារអាហ្រ្វឹកនិយាយភាសាបារាំងនោះ ទើបធ្វើឲ្យមានចំណាប់អារម្មណ៍ដល់អ្នកវិនិយោគិនកូរ៉េ។

កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា (KOTRA ) នឹងនាំមកនូវភាពរីកចម្រើនទាំងសង់ខាងទៅថ្ងៃអនាគត ទាំងការសហការចែកចាយផលិតផល ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាដល់ក្រុមហ៊ុនក្នុងស្រុក ដើម្បីរួមចំណែកដល់ការពង្រឹងសមត្ថភាពសហគ្រិននៅកម្ពុជា។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម បានបញ្ជាក់ថា តាមរយៈគុណភាព ប្រសិទ្ធនៃឱសថ និងការផលិត ផលិតផលគោរពតាមបទដ្ឋានអន្តរជាតិត្រឹមត្រូវ និងមានតម្លៃសមរម្យ បានធ្វើឲ្យផលិតផលប៉េប៉េអឹមមានការគាំទ្រខ្លាំងពីប្រជាជនអាហ្រ្វិកនិយាយភាសាបារាំងជាង១៥ ប្រទេស។ ការទទួលស្គាល់នេះហើយ ទើបធ្វើឲ្យសហគ្រាសផលិតឱសថប៉េប៉េអឹមទទួលបានចំណាត់ថ្នាក់ លេខ ១៦ ក្នុងចំណោមក្រុមហ៊ុនចែកចាយឱសថចំនួន ៦០០ក្រុមហ៊ុនលើទីផ្សារអាហ្រ្វិក។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង បានទទួលស្គាល់ថា ក្រុមកូរ៉េ ជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់ជាងប្រទេស កម្ពុជា ក្នុងការផលិតវត្ថុធាតុដើម និងការកែច្នៃ។ បច្ចុប្បន្នសហគ្រាសផលិតឱសថប៉េប៉េអឹម កំពុងធ្វើការស្រាវ ជ្រាវបន្ថែមក្នុងការបង្កើតផលិតផលសុខភាពថ្មីៗជាច្រើនដូចជា ខេមប្រូបាយអូទិក តែសុខភាពគីរម្យ និងផលិត ផលកែច្នៃពីខ្ញីខ្មៅ ដែលមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ពិសេសទីផ្សារនៃប្រទេសកូរ៉េ៕
