ភ្នំពេញ៖ អតិផរណានៅប្រទេសកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានអត្រាធ្លាក់ទាបក្នុងរង្វង់ប្រមាណ ០,៤ ភាគរយ ដោយសារការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ នឹងការធ្វើឲ្យប្រសើរឡើងនៃស្ថានភាពផ្គង់ផ្គង់ម្ហូបអាហារ និងការថយចុះថ្លៃដើមផលិត ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកមានកាន់តែមានភាពធន់ និងកំណើនរឹងមាំ។

ធនាគារជាតិនៃកម្ពុជាបានចេញរបាយការណ៍ ឲ្យដឹងថា នៅក្នុងឆមាសទី ១ឆ្នាំ២០២៤នេះ អតិផរណារួមមានកម្រិត ០,៤ភាគរយ ទាបជាងឆមាសមុន ដែលមានកម្រិត ៣ភាគរយ ដោយសារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ធ្លាក់ចុះដល់ -១ភាគរយ និងការថមថយអតិផរណាម្ហូបអាហារ មកនៅត្រឹម ០,៤ភាគរយ និងអតិផរណាស្នួល មានកម្រិត ០,៤ភាគរយ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា អតិផរណាមានកម្រិតជាមធ្យមត្រឹម ០,៤% ប៉ុណ្ណោះក្នុងឆមាសទី១នេះ ដោយសារការធ្លាក់ចុះនៃថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងកម្រិតទាបនៃអតិផរណា ម្ហូបអាហារ និងអតិផរណាស្នូល។ អត្រាអតិផរណាទាបនេះ បានរួមចំណែកការពារអំណាចទិញរបស់ចំណូលប្រជាជនកម្ពុជា ស្របពេលដែលអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងកម្រិតមធ្យម ៤.០៧៥រៀលក្នុងមួយដុល្លារអាមេរិក ដែលបានកើនថ្លៃ ០,៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។

គិតត្រឹមចុងឆមាសទី១ឆ្នំានេះ ទុនបម្រុងអន្តរជាតិមានចំនួន ២០ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ ២០២៣ បើទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិក៏ដោយ។ បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិមាន កម្រិតស្មើនឹង ៧ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានចាត់ទុកថាខ្ពស់គ្រប់គ្រាន់ ក្នុងការរួមចំ ណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋ កិច្ចកម្ពុជា ដែលជាមូលដ្ឋានចាំបាច់មួយ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តនយោបាយ រូបិយវត្ថុ និងអត្រាប្តូរប្រាក់។

តាមការព្យាករណ៍ បានឲ្យដឹងថា អតិផរណា នៅឆមាសទី២ឆ្នាំ២០២៤នេះ នឹងអាចកើនដល់ ២,៧ភាគរយ ដែលធ្វើឲ្យកម្រិតអតិផរណាជារួមសម្រាប់ពេញមួយឆ្នាំ ២០២៤ អាចស្ថិតក្នុងរង្វង់ ១,៥ភាគរយ៕