Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន ជូនដំណឹងស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីននិង សង្គ្រោះជនពិការដោយសារមីនសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថា្នក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយមស្ដីពីស្ថានភាពធាតុអាកាស ប្រព័ន្ធសម្ពាធទាបនៅតែមានឥទ្ធិពលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្ដាល នៃអាងទន្លេមេគង្គ ហើយបណ្តាលឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យរាជធានី ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀងនិងអាចបង្កជាទឹកជំនន់។

ក្នុងពេល និងក្រោយពេលទឹកជំនន់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួនអាចត្រូវបាន ប្រទះឃើញ ដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់។

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរមីនសូមធ្វើ ការណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន និងអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម និងគណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត ព្រមទាំងអំពាវនាវដល់គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិចូលរួមសហការ អនុវត្តនូវវិធានការដូចខាងក្រោម៖
១. ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចមកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដើរសាត់មកពីតំបន់ដែលមានមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម
២. ណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

៣. រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំ ស្តីពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលទឹកជំនន់ សម្រាប់ផ្ដល់ជូន ភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បណ្តាញមីន ស្ម័គ្រចិត្ត – សហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋ ក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់
៤. ឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលយកទៅកម្ទេចចោលនូវមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋបានរាយការណ៍
៥. ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬ ឆ្លងកាត់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×