Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន : ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមូលដ្ឋានគ្រឹះរួម និងភាពចាំបាច់ តម្រង់ទិស កែលម្អ និងប្រសិទ្ធភាពព័ត៌មាន ប៉ុន្តែអ្នកសារព័ត៌មាន ក៏មិនមែនចេះតែនិយាយត្រឹមពាក្យ អាវងហ្អើយ… បាទ ! នោះដែរ

រាជធានីភ្នំពេញ : ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានថ្លែងទាក់ទងនឹងវិស័យសារព័ត៌មានថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមូលដ្ឋានគ្រឹះរួម និងភាពចាំបាច់ លើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន សោតទស្សន៍ និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន ដែលអនុវត្តទៅមានតម្លៃ សេចក្ដីថ្លៃថ្នូរ និងប្រសិទ្ធភាពនៃព័ត៌មាន។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងលើកឡើងបែបនេះក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន សំដៅពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់នៃអង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលនានា អង្គការយូណេស្កូ ដែលបានចូលរួមវិភាគទានក្នុងការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាលិខិតបទដ្ឋានគតិយុត្តដ៏សំខាន់។ 

ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ដាស់តឿនទៅដល់អ្នកសារព័ត៌មាននៅទូទាំងប្រទេសឱ្យស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះធ្វើនោះបានដែរ។ តែផ្ទុយទៅវិញអ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីទីកន្លែងមួយទៅទីកន្លែងមួយ ដែលប្រកបដោយប្រភពច្បាស់លាស់ ពោលគឺ អ្នកអនុវត្តន៍លើសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ គឺត្រូវប្រកាន់ខ្ជាប់នូវការគោរពចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តជាតិ និង អន្តរជាតិ ដែលមាន។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជានេះ បានកំណត់នូវទិដ្ឋភាពសំខាន់ៗមួយចំនួន ក្នុងនោះក៏មានផងដែរនូវការតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ដើម្បីធានាសន្តិសុខសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា និងក៏បានកំណត់ផងដែរនូវទិដ្ឋភាពក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ប្រកបដោយតុល្យភាព និងមានប្រភពច្បាស់លាស់ ព្រមទាំងចូលរួមទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពជឿជាក់ និងទុកចិត្តក្នុងសង្គមជាតិទាំងមូល សំដៅលើកកម្ពស់វិស័យព័ត៌មាន ដែលជាអំណាចទី៤ តាមគន្លងមាគ៌ានៃសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្នុងការរួមចំណែក ការពារ និងថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ ទោះជាមានមតិផ្សេងៗលើកឡើងថា អ្នកសារព័ត៌មាន មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះធ្វើនោះបានដែរ។ ប៉ុន្តែ បច្ចុប្បន្ន ក៏ដូចជាអ្វីដែលយើងកំពុងអនុវត្តនៅលើវិស័យសារព័ត៌មានសព្វថ្ងៃនេះ  គឺអ្នកសារព័ត៌មានមិនមែនមានត្រឹមតែចេះនិយាយដូចសារិកាកែវ… អាវងហ្អើយ… បាទ ! ឬក៏ព្រាបនាំសារប៉ុណ្ណោះទេ គឺមានសិទ្ធិរិះគន់ស្ថាបនា កែល្អ និងបញ្ចេញទស្សនៈផងដែរ។ (យោងច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៧ ចំណុចទី២ ចែងថា ” ត្រូវផ្សាយនូវដំណឹងទាំងឡាយ ដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ ឱ្យត្រឹមត្រូវ និងសមស្របតាមគតិយុត្តិធម៌ ” ។

ក្នុងអត្ថន័យច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា ៧ ចំណុច ទី២នេះ គឺច្បាស់ណាស់បង្ហាញថា អ្នកសារព័ត៌មាន គឺមានសិទ្ធិរិះគន់ស្ថាបនា កែល្អ និងបញ្ចេញទស្សនៈ វែកញែកព័ត៌មាន ដែលខ្លួនស្រាវជ្រាវ ស៊ើបអង្កេតប្រមូលបាន ដើម្បីនាំទៅដល់ថ្នាក់ដឹកនាំកំពូលៗជ្រួតជ្រាប និងក្រុមមន្ត្រី នៃស្ថាប័នរដ្ឋ ឯកជន គ្រប់ភាគី ពិចារណារិះរកចំណុចកែលម្អ ធ្វើឱ្យគ្រប់ភាគីទាំងនោះ ក្លាយជាមនុស្សស្អាតស្អំក្នុងសង្គមវិញ, គ្រាន់តែថា អ្នកសារព័ត៌មាន មិនមែនជាអ្នកបញ្ជា និងសម្រេចនោះទេ ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×