Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឲ្យកងកម្លាំងមានសមត្ថកិច្ច បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិងទប់ស្កាត់បទល្មើស ក្នុងខែមិថុនាកន្លងនេះ ដែលបានធ្វើឲ្យបទល្មើសព្រហ្មទណ្ឌថយចុះ ប៉ុន្តែ បែរគ្រោះថ្នាក់ចរាចរណ៍កើនឡើង ដូច្នេះស្នើឲ្យកងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះបន្ថែមទៀត។

ការលើកឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើបានធ្វើឡើង ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា៖ ក្នុងនាមសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សូមកោតសរសើរកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិងទប់ស្កាត់បទល្មើស ដែលធ្វើអោយបទល្មើសព្រហ្មទណ្ឌថយចុះ ដោយនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះ បទល្មើសព្រហ្មទណ្ឌបានកើតមាន ៣៧លើក/៤២លើក ថយចុះ ៥លើក ស្មើនឹង ១១.៩០% ជាមួយនិងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៣៤ករណី ឃាត់ខ្លួន ៤១នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៨១ករណី ឃាត់ខ្លួន ៣៨៤នាក់។ បានធ្វើការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ជនទំនើងចំនួន ៣១០មុខសញ្ញា។ ប៉ុន្តែ បែរជាគ្រោះថ្នាក់ចរាចរណ៍កើនឡើងទៅវិញ ពោលគឺនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង៨៣លើក/៦៩លើក កើនឡើង ១៤លើក ស្មើនឹង ២០,២៨%។

ឯកឧត្ដមហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ គ្រោះថ្នាក់ចរាចរណ៍ ជារឿងធំមួយ ដោយក្នុងមួយថ្ងៃវាបានសម្លាប់មនុស្សពី៥ទៅ៦នាក់ នៅទូទាំងប្រទេស ហើយគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់។ ដោយឡែកសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ខ្លាំងដែរ សំដៅធ្វើយ៉ាងណាឲ្យគ្រោះថ្នាក់ចរាចរណ៍ទាំងនេះត្រូវបានកាត់បន្ថយ។

ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៨ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ។
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់សមាសភាពប្រធាន- អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី៤។
៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ។
៦- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មការ រៀបចំគម្រោងរាជធានីភ្នំពេញ។
៧- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ។
៨- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×