Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ចាន់ថាល វង់ (Chantale Wong) នាយកប្រតិបត្តិតំណាង សហរដ្ឋអាម៉េរិក នៃក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឆ្លៀតក្នុងឱកាសដែលលោកស្រីអញ្ជើញ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ ,កាលពីរសៀលថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រី ចាន់ថាល វង់ ក្នុង ឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ សំខាន់របស់ ADB ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការគាំទ្រកម្ពុជាក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច ចាប់តាំង ពីឆ្នាំ ១៩៩២ មក ។ ADB បាន និងកំពុងសកម្មគាំទ្រ ចូលរួមចំណែកដើម្បីកម្ពុជាអាចឈានទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ ស្របតាម “ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០” សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ តាមរយៈការ ដាក់ចេញនូវ “យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៨-២០២៨” ប្រកបដោយប្រសិទ្ធភាព និងភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រជាអាទិភាពរបស់រាជរដ្ឋាភិបាល ។ ឈរលើអភិក្រម “រក្សាសមិទ្ធផលចាស់, បង្កើតសមិទ្ធផលថ្មី” និងដើម្បីចាប់យកនូវកាលានុវត្តភាពក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ សកលលោក, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១” ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព បានកំណត់នូវអាទិភាពគន្លឹះ៖ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម ក៏ ដូចជា ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចកម្ពុជា ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន ៥៖ គឺ ១. ការសម្រេចបាននូវ កំណើនសេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ, ២. ការបង្កើនការងារ(ទាំងបរិមាណ និង គុណភាព), ៣. ការកាត់បន្ថយភាពក្រីក្រ, ៤. ការ ពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការ អភិវឌ្ឍសង្គមជាតិ និង ៥. ការកសាងភាពធន់ ។ ជាមួយគ្នានេះ, ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ADB ដែលបានរួមចំណែកគាំទ្រ និងផ្តល់ឥណទានដល់វិស័យឯកជនសម្រាប់ពង្រីកធុរកិច្ច និងប្រតិបត្តិការនៅកម្ពុជា ដែលវិស័យឯកជន និងការចូលរួមចំណែករបស់ របស់វិស័យឯកជនក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងបរិយាបន្ន ។

លោកស្រី ចាន់ថាល វង់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលនៅក្នុងនីតិកាលកន្លងមកសម្រេចបាន ហើយក្នុង នីតិ កាលទី ៧ នេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតលើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ “Excellence and in Good Hand” ។ ជាមួយគ្នានេះ, លោកស្រី ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ADB ក្នុង ការរៀបចំ “ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០២៨-២០២៨ (CPS 2024–2028)” ក្រោមសសរស្តម្ភ ចំនួន ៣ គឺ៖ ១. ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលដឹកនាំដោយវិស័យឯកជន ២. ការលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស និង ៣. ការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ។ កម្ពុជា ក៏មានសក្តានុពលក្នុងការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនក្រៅស្រុក ។

លោកស្រី ក៏បានបង្ហាញអំពីជំហដ៏រឹងមាំរបស់ ADB ក្នុងការគាំទ្រដល់ការកែលម្អ និងពង្រឹងបរិយាកាស អំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ចំណែកដ៏សំខាន់របស់ ADB ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះ រួមមានការសម្រេចផ្តល់ហិរញ្ញប្បទានភ្លាមៗជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបន្ត គាំទ្ររាជរដ្ឋាភិបាលក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវី១៩ ។ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹង មាំនេះ កម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់ដែលមានលទ្ធភាពស្ដារស្ថានភាព សេដ្ឋកិច្ច ឆ្ពោះទៅរកគន្លងកំណើនមុនវិបត្តិកូវីដ-១៩ បានយ៉ាងឆាប់រហ័ស ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរលោកស្រី ចាន់ថាល វង់ ឱ្យទទួលបាន ជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×