Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានគូសបញ្ជាក់អំពីតម្រូវការដែលអាស៊ាន ត្រូវសហការជាមួយប្រទេសដៃគូសន្ទនាផ្សេងៗទៀត ដើម្បីបង្កើតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីបន្ថែម

វៀងចន្ទន៍ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី និងចក្រភពអង់គ្លេស។

នៅក្នុងកិច្ចប្រជុំទាំងនោះ ឯកឧត្តម សុខ ចិន្តាសោភា បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចខាងក្រោម៖
•ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការ លើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុង និងរវាងតំបន់ នៅតែជាសសរស្ដម្ភសំខាន់ក្នុងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ ដូចនេះ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA) ដែលអាស៊ានមានជាមួយប្រទេសដៃគូនានា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ប្រកបដោយប្រសិទ្ធភាព និងពេញលេញ ដើម្បីពង្រឹង សមាហរណកម្មតំបន់ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីតម្រូវការដែលអាស៊ានត្រូវសហការជាមួយប្រទេស ដៃគូសន្ទនាផ្សេងៗទៀត ដើម្បីបង្កើតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីបន្ថែម និងដើម្បីធ្វើឱ្យប្រសើរឡើងនូវការឈានចូលក្នុងទីផ្សារ សុខដុមនីយកម្មក្របខ័ណ្ឌបទប្បញ្ញត្តិ និងការ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។

ដើម្បីធានាបាននូវកំណើនយ៉ាងឆាប់រហ័ស និងយូរអង្វែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន ជំរុញឱ្យអាស៊ាន និងប្រទេសដៃគូសន្ទនា ចាប់យកសក្តានុពលនៃឧស្សាហកម្មដ៏ខ្លាំងក្លា ដែលកំពុងលេចឡើង រួមមាន សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ និងទេសចរណ៍ប្រកបដោយចីរភាព។ ក្នុងចំណោមអាទិភាពសំខាន់ៗ មួយចំនួននៅក្រោមសសរស្តម្ភសហគមន៍អាស៊ានទាំងបី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន សង្កត់ធ្ងន់លើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល ដែលជាកិច្ចព្រមព្រៀងសេដ្ឋកិច្ច ឌីជីថលតំបន់ដំបូងគេក្នុងពិភពលោក ហើយរំពឹងថានឹងត្រូវអនុម័តនៅឆ្នាំក្រោយ ការបង្កើត បណ្តាញអគ្គិសនីអាស៊ានប្រកបដោយភាពធន់ ចីរភាព និងឆ្លាតវៃ និងការប្រើប្រាស់កាន់ត ប្រសើរឡើងនៃថាមពលកកើតឡើងវិញ និងកម្រិតកាបូនទាប។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសដៃគូ សន្ទនាទាំងអស់ចំពោះការគាំទ្រឥតងាករេចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការ ពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បាន លើកទឹកចិត្តដៃគូសន្ទនាទាំងអស់ឱ្យបន្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការគាំទ្រដល់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និង ផែនការបន្ទាប់។ តំបន់ដែលមានភាពធន់ និងទំនាក់ទំនងគ្នាទៅវិញទៅមកនឹងធានាបានថា អាស៊ាននៅតែជាចលករជំរុញដ៏សំខាន់នៃកំណើនក្នុងតំបន់ និងពិភពលោក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា អាស៊ានត្រូវកសាងប្រព័ន្ធអេកូឡូស៊ី ដើម្បីជួយសម្រេចបាននូវចក្ខុវិស័យទាំងនេះ តាមរយៈការវិនិយោគលើការអភិវឌ្ឍធនធាន មនុស្ស ដើម្បីធានាបានថាប្រជាជនអាស៊ាន ទទួលបានជំនាញនៃសតវត្សរ៍ទី២១ ដែល អនុញ្ញាតឱ្យពួកគេអភិវឌ្ឍន៍បាននាពេលអនាគត ធ្វើឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មានភាពប្រកួតប្រជែង ផលិតភាព និងមានភាពធន់ និងសម្របសម្រួលការទទួលយក បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណដល់ដៃគូសន្ទនាទាំងអស់សម្រាប់ការបន្តគាំទ្រដល់ការអនុវត្តផែនការការងារន គំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ទី៤ (២០២១-២០២៥) ដែលរួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការពង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។

ឯកឧត្ដមឧបនាយករដ្ឋមន្តី ក៏បានថ្លែងអំណរគុណចំពោះដៃគូសន្ទនាសម្រាប់ការគាំទ្រ ចំពោះមជ្ឈភាព អាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលជា ឯកសារមគ្គុទេសន៍ក្នុងការទំនាក់ទំនងរបស់អាស៊ាន ជាមួយដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា។ ជាងនេះទៅទៀត ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានលើកទឹក ចិត្តប្រទេសដៃគូសន្ទនាឱ្យរួមចំណែកដល់ AOIP តាមរយៈគម្រោងជាក់ស្ដែង និងជាក់លាក់នៅក្នុងវិស័យអាទិភាពទាំងបួននៃ AOIP តាមរយៈយន្តការដឹកនាំដោយអាស៊ាន ដើម្បីផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ។

កិច្ចប្រជុំខាងលើបានអនុម័តឯកសារលទ្ធផលដូចខាងក្រោម៖
១. សេចក្តីថ្លែងការណ៍រួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្តីពីការពង្រឹងសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌
២. សេចក្តីថ្លែងការណ៍រួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ប្រារព្ធខួបអនុស្សាវរីយ៍ ២០ ឆ្នាំ នៃ ការចូលរបស់រុស្ស៊ីជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)
៣. សេចក្ដីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចក្រភពអង់គ្លេស ស្ដីពី៖ «ការពង្រឹងការតភ្ជាប់ដើម្បី អនាគតដែលប្រកបដោយវិបុលភាព ចីរភាព និងសន្តិសុខ»
៤. ផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២៥-២០២៩
ខណៈដែលកម្ពុជាបញ្ចប់តួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់សហការីអាស៊ានដែលបានគាំទ្រយ៉ាង ពេញទំហឹងក្នុងរយៈពេលបីឆ្នាំកន្លងមក ហើយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសសម្របសម្រួលបន្ទាប់ ដើម្បីធានានូវការ ប្ដូរវេនប្រកបដោយភាពរលូន និងប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

spot_img
×