Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ត្រូវបានបញ្ចប់ ដោយនវានុវត្តន៍ករវ័យក្មេងរួមគ្នាបង្កើតដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ត្រូវបានបិទ​បញ្ចប់​នៅថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹងពិធីប្រគល់រង្វាន់ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធី ដែលកម្ពុជាធ្វើជា​ម្ចាស់​ផ្ទះរៀបចំពីថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២៧ នៅក្រុងសៀមរាប បាននាំយកសិស្សអនុវិទ្យា​ល័យ​មក​ពី​បណ្តាប្រទេសអាស៊ាន+3 ដើម្បីសិក្សាស្វែងយល់ពីវិទ្យាសាស្ត្រ និងផ្លាស់ប្តូរវប្បធម៌​ក្នុងរយៈពេលពេញ មួយសប្តាហ៍។

ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់យុវជនទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ល្អប្រសើររបស់ពួកគេក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។ នៅក្នុងកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ» សិស្សានុសិស្សបានចូល​រួម​ក្នុងសិក្ខាសាលាដែលផ្តល់បទពិសោធន៍ជាក់ស្តែង សហការបង្កើតគម្រោង ធ្វើពិសោធន៍វិទ្យាសាស្ត្រ និង​ចូលរួមកិច្ចពិភាក្សានានា ក្នុង​គោលដៅលើកកម្ពស់ការយល់ដឹង និងស្វែងរកដំណោះស្រាយប្រកប​ដោយ​នវានុវត្តន៍ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងការប្រែប្រួលអាកាសធាតុ។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីប្រគល់រង្វាន់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “ក្មួយៗបានបង្ហាញ​មិនត្រឹមតែចំណេះដឹង និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃការធ្វើការងារ​ជាក្រុម និង​ការសហការគ្នា ដែលជាស្នូលនៃសហគមន៍អាស៊ាន+3។”

ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ សំដៅ​បង្កើនវឌ្ឍនភាពក្នុងតំបន់។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងរបស់កម្ពុជាជាលើកដំបូង បានឆ្លុះ​បញ្ចាំងពីការយកចិត្ត​ទុកដាក់​របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នវានុវត្តន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា៖​ “កម្មវិធីនេះបានផ្តល់ជាវេទិកាមួយ ដើម្បីតម្រង់ទិសដល់អ្នកវិទ្យា​សាស្ត្រ និងនវានុវត្តន៍ករជំនាន់​ក្រោយរបស់យើង ដើម្បីឱ្យពួគេបន្តទាញយកសក្តានុពលដែលគ្មានដែនកំណត់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ទាំងក្នុងតំបន់ និងពិភពលោក។”

ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ដែលទទួល​បានពីកម្មវិធីនេះ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគេ ដើម្បីជាប្រយោជន៍​ដល់មនុស្សជាច្រើនទៀត។

កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បានបញ្ចប់ទៅដោយស្មារតីសាទរ និង​ក្តីសង្ឃឹម ដោយអ្នកចូលរួមវ័យក្មេងទាំងនេះបានបង្កើតចំណងមិត្តភាពយូរអង្វែង និងបង្ហាញពី​ឆន្ទៈចង់ក្លាយជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍ វិទ្យាសាស្ត្រសម្រាប់តំបន់អាស៊ាន+៣។ រក្សាសិទ្ធដោយ​៖ សុទ្ធលី

spot_img
×