ភ្នំពេញ៖ សិស្សឆ្នើមកម្ពុជាចំនួន ៦៦នាក់ ទទួលបានមេដាយមាសលំដាប់ពិភពលោក(អន្តរជាតិ) ដែលមាន ៤១ប្រទេសចូលរួមប្រកួត ក្នុងនោះ កូនប្រុសពៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ក៏ទទួលបានមេដាយមាសក្នុងកម្មវិធីនេះផងដែរ។

ក្រៅពីទទួលបានមេដាយមាស កម្ពុជា ក៏មានសិស្សឆ្នើមចំនួន ៥នាក់ផ្សេងទៀត ទទួលបានមេដាយប្រាក់ និងសិស្ស៥៣នាក់ទៀត ទទួលមេដាយសំរឹទ្ធពីកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU TEST 2024 និងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់មេដាយ រង្វាន់ និងប្រកាសនីយបត្រដល់ ជ័យលាភីដែលចូលរួមការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU TEST 2024 និងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ នៅវិទ្យាស្ថានជាតិអប់រំ។ កម្មវិធីនេះ ក៏ឃើញមានវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញើញជាអធិបតីភាពផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនៃសាកលវិទ្យាល័យ BROCK ប្រទេសកាណាដា CARIBOU (Canada Research Institute of BROCK University) បានរៀបចំការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា ដើម្បីឆ្លើយតបនឹងយុគសម័យឌីជីថល និង នវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងលើកកម្ពស់ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង ក៏ដូចជាការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលដែលជាមុំទី៥នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជំរុញគោលដៅអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្ដានុពលឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា២០៥០ តបតាមអនុសាសន៍របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គណិតវិទ្យាគឺជាបំណិនមូលដ្ឋានគ្រឹះមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការឈានទៅចាប់យកជំនាញកម្រិតខ្ពស់នាពេលអនាគត៕





