Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពជាដៃគូរវាងហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការគាំទ្រ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤  បានរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់ធុរកិច្ចកម្ពុជា-ហុងកុង ក្រោមមូលបទ «ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីទៅភាពជោគជ័យ៖ ភាពជាដៃគូរវាងហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា»។

ធុរជនហុងកុង និងកម្ពុជា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ មកពីវិស័យធនាគារ បច្ចេកវិទ្យាព័ត៌មានវិទ្យា អចលនទ្រព្យ ភស្តុភារ និងដឹកជញ្ជូន បដិសណ្ឋារកិច្ច អប់រំ ទីផ្សារភាគហ៊ុន ម្ហូបអាហារ អាកាសចរណ៍ វិនិយោគនិងសេវាកម្មហិរញ្ញវត្ថុ ភាព​យន្ត និងថាមពល។ អ្នកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហុងកុង ដែលដឹកនាំដោយ ឯកឧត្តម ចន ខេស៊ីឡី (John KC Lee) ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ​។

អ្នកឧកញ៉ា បានគូសបញ្ជាក់ពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជា និងហុងកុង ដែលទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងជាលំដាប់ និងមានទំហំច្រើនជាង ១ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣រហូតមក។ កម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយរបស់ហុងកុង ហើយការវិនិយោគរបស់ហុងកុងនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ស្ថិតក្នុងបរិបទនេះ អ្នកឧកញ៉ាប្រធាន បានជំរុញលើកទឹកចិត្ត និងអញ្ជើញធុរជនហុងកុងសិក្សា និងស្វែងរកកាលានុវត្តភាពដ៏សម្បូរបែបនៅកម្ពុជា ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង។

អ្នកឧកញ៉ា បានលើកឡើងអំពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំយូរអង្វែងរវាងកម្ពុជានិងចិន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគកម្ពុជាហុងកុង ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីក្របខណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់រួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់អំពីសក្តានុពល និងកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងស្ថិតលើគន្លងឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តជំរុញបរិយាកាសវិនិយោគល្អប្រសើរ និងដាក់ចេញនូវគោលនយោបាយគាំទ្រធុរកិច្ច មានជាអាទិ៍ ការលើកទឹកចិត្តផ្នែកពន្ធដារ ការមិនរាំងខ្ទប់លំហូរមូលធន និងកម្មសិទ្ធិធុរកិច្ចបរទេស។ អ្នកឧកញ៉ា ជំរុញលើកទឹកចិត្ត ក្រុមហ៊ុនហុងកុង និងកម្ពុជា ស្វែងរកដៃគូ និងវិនិយោគបន្ថែមនៅកម្ពុជា ដែលជាមជ្ឈមណ្ឌលផលិតកម្មផ្តោតលើការនាំចេញជាយុទ្ធសាស្ត្រ និងមានការប្តេជ្ញាខ្ពស់ក្នុងការ៖ ផ្ដល់បរិយាកាសអំណោយផលដល់អាជីវកម្ម គោលនយោបាយលើកទឹកចិត្តវិនិយោគ គោរពវិធានច្បាប់ និងគាំទ្រការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។

ក្នុងឱកាសនៃជំនួបធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងចូលរួមលើកកម្ពស់ពាណិជ្ជកម្មនិងជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា និងហុងកុង ជាពិសេស លើក្របខណ្ឌកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានចុះ អនុស្សរណៈយោគយល់ ជាមួយសភាពាណិជ្ជកម្ម ហុងកុង ដើម្បីជុំរុញកិច្ចសហប្រតិបត្តិការ ធុរកិច្ចរវាងកម្ពុជា និងហុងកុងផងដែរ៕