Monday, May 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យ វឌ្ឍនភាពការងារ រៀបចំទីតាំង ត្រៀមប្រារព្ធពិធី បើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែសីហា ខាងមុខ

កណ្ដាល៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលស្ថិតនៅមាត់ព្រែកតាកែវ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ជាតិមួយដ៏មហោឡារិក។

គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៨០គីឡូម៉ែត្រនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។

គួរបញ្ជាក់ផងដែរថា ៖ គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុង អនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ រាប់ពាន់ឆ្នាំតទៅមុខ​ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×