រាជធានីភ្នំពេញ : កំណត់ការិយាល័យនិពន្ធ (ក.ក.ន ) CEN បានឃើញ ” លិខិតជូនដំណឹងរបស់ មេធាវី ពិត សុខណែន ” អត្ថលេខ : ២៣៨ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមមេធាវីអាស៊ីអាគ្នេយ៍, មានស្នាក់ការផ្ទះ លេខ B5 ផ្លូវលេខ ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមេធាវីតំណាង និងការពារសិទ្ធិឱ្យក្រុមហ៊ុន សម្រស់ធារ៉ា ធីឌីសប ខសមេធីក ឯ.ក បានជម្រាបជូន ÷
ម្ចាស់ផេកហ្វេសប៊ុក ឈ្មោះ Cambodia Express news , តិកតុក ឈ្មោះ CEN News , និង យូធូប ឈ្មោះ CEN Media , ដោយក្នុងកម្មវត្ថុ ចែងខ្លឹមសារថា ជូនដំណឹងម្ចាស់ផេក ហ្វេសប៊ុក ឈ្មោះ Cambodia Express news , តិកតុក ឈ្មោះ CEN News , និង យូធូប ឈ្មោះ CEN Media ឱ្យលុបចោលការបង្ហោះទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះផលិតផលរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌីសប ខសមេធីក ឯ.ក ដោយទុករយៈពេលមិនឱ្យលើសពី ២៤ម៉ោង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
មេធាវី ពិត សុខណែន បានយោង ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា , កិច្ចព្រមព្រៀងស្ដីពីកិច្ចសហការការពារផ្លូវច្បាប់ ឱ្យក្រុមហ៊ុនសម្រស់ធារ៉ា ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ , ឯកសារដែលថតយកចេញពីផេក ហ្វេសប៊ុក , តិកតុក និង យូធូប ឈ្មោះ CEN Media ។ ខ្លឹមសារជារួម នៃការជូនដំណឹងរបស់ មេធាវី ពិត សុខណែន គឺសំដៅច្រានចោល បដិសេធទាំងស្រុង នៃការផ្សាយរបស់អង្គភាព CEN កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងថា ជាការផ្សាយព័ត៌មានមិនពិត, ហើយបានដាក់កំហិតឱ្យ អង្គភាព CEN លុបព័ត៌មានចេញពីបណ្ដាញផ្សព្វផ្សាយរបស់ខ្លួន មិនឱ្យលើស ២៤ម៉ោង ចាប់ពីថ្ងៃដែលមេធាវីរូបនេះ បានជូនដំណឹង។
ជាការឆ្លើយតប, អង្គភាព CEN សូមជម្រាបជូន មេធាវី ពិត សុខណែន ដែលជាមេធាវីតំណាង និងការពារសិទ្ធិឱ្យក្រុមហ៊ុន សម្រស់ធារ៉ា មេត្តាជ្រាបអំពីនីតិវិធី វិជ្ជាជីវៈ និងច្បាប់បញ្ញត្តិផ្សេងៗ ពាក់ព័ន្ធនឹងវិជ្ជាជីវៈ និងក្រមសីលធម៌វិញផង។
កំណត់ការិយាល័យនិពន្ធ (ក.ក.ន ) CEN បានពិនិត្យឃើញថា ÷
១- ការដាក់កំហិតឱ្យ អង្គភាព CEN លុបព័ត៌មានចេញពីបណ្ដាញផ្សព្វផ្សាយរបស់ខ្លួន មិនឱ្យលើស ២៤ម៉ោងនោះ គឺជាការគំរាមកំហែងសុទ្ធសាធ រំលោភបំពានលើសិទ្ធិសេរីភាព និងវិជ្ជាជីវៈឯករាជ្យ នៃវិស័យសារព័ត៌មាន ព្រោះច្បាប់ស្ដីពីរបបសារព័ត៌មាន មិនមានចំណុចណា អនុញ្ញាតឱ្យចាប់បង្ខំរយៈពេល ២៤ម៉ោង នោះទេ គឺអនុញ្ញាតឱ្យភាគីដែលប៉ះពាល់ក្នុងការផ្សាយនោះ ធ្វើលិខិតកែតម្រូវ ឬសេចក្ដីបំភ្លឺ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ , (យោងមាត្រា ១០ ច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ជនណាម្នាក់ ដែលយល់ថា អត្ថបទផ្សាយណាមួយ នៃសារព័ត៌មានណាមួយ ដែលមានលក្ខណៈខុសការពិត ធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន ជននោះ មានសិទ្ធិទាមទារឱ្យព័ត៌មាននោះ ធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយតប បំភ្លឺ ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ ទៅតាមអ្វីដែលជាការពិត និងភ្ជាប់មកជាមួយនូវឯកសារភស្តុតាងផងដែរ ដើម្បីបញ្ជាក់ពីការពិត។
២- មេធាវី ពិត សុខណែន តំណាង និងការពារសិទ្ធិឱ្យក្រុមហ៊ុន សម្រស់ធារ៉ា បានយក ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មកដាក់បន្ទុកលើអង្គភាពសារព័ត៌មាន CEN គឺជាការរំលោភបំពានច្បាប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់ ស្ដីពី ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា, ព្រោះថា មាត្រា ៣០៦ នៃក្រមព្រហ្មទណ្ឌ បានចែងថា ការបរិហារកេរ្ដិ៍ ដែលប្រព្រឹត្តតាមសារព័ត៌មាន ត្រូវស្ថិតនៅក្រោមបទបញ្ញត្តិ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន , មាត្រា ៣០៨ នៃក្រមព្រហ្មទណ្ឌ បានចែងថា ការជេរប្រមាថ ដែលប្រព្រឹត្តតាមសារព័ត៌មាន ត្រូវស្ថិតនៅក្រោមបទបញ្ញត្តិ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន។ ត្រង់មាត្រានេះ បង្ហាញថា មេធាវី ពិត សុខណែន មិនបានអនុវត្តឱ្យត្រឹមត្រូវតាមនីតិវិធី ច្បាប់ និងវិជ្ជាជីវៈ នោះទេ។
៣- កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ អង្គភាព CEN បានផ្សាយទាក់ទងនឹងករណីមិនប្រក្រតី នៃផលិតផលរបស់ក្រុមហ៊ុន សម្រស់ធារ៉ា ដោយដាក់ចំណងជើងថា ” ការស៊ើបអង្កេត បង្ហាញថា ក្រុមហ៊ុនសម្រស់ធារ៉ា ផលិត និងចែកចាយ ម្សៅលាបមុខ ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងផ្សេងៗ គ្មានច្បាប់ទម្លាប់ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ” ។ នេះគឺជាការផ្សាយប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយក្រុមការងាររបស់ CEN បានចុះដល់ទីតាំងផលិត និងឃ្លាំងស្តុកផ្ទាល់ មានទំហំប្រហែល ៥០ម៉ែត្រ ៤ជ្រុង ស្ថិតនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងស្វាយរៀង ដោយបានស៊ើបអង្កេត និងស៊ើបសួរប្រភពផ្សេងៗ ដូចជាប្រជាពលរដ្ឋក្បែរខាង និងក្រុមមន្ត្រីមួយចំនួន។
៤- មេធាវី ពិត សុខណែន ដែលអះអាងក្នុងលិខិតថាក្រុមហ៊ុនកូនក្ដីរបស់ខ្លួន ជាក្រុមហ៊ុនផលិតគ្រឿងសម្អាងស្របច្បាប់ ដោយមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម , អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសុខាភិបាលនោះ ហេតុម្ដេច ពេលធ្វើលិខិតមកកាន់អង្គភាព CEN មិនព្រមបញ្ជូនលិខិតស្នាមបទដ្ឋានគតិយុត្ត ត្រឹមត្រូវ ស្របច្បាប់របស់ក្រុមហ៊ុនសម្រស់ធារ៉ានោះ មកជាមួយផង ដើម្បីបញ្ជាក់ការពិត? ដោយលោកមិនអាចអះអាងត្រឹមសំណេរ និងបបូរមាត់ដោយគ្មានភស្តុតាង ហើយក៏ចាត់ទុកថា ស្របច្បាប់ ត្រឹមត្រូវនោះទេ។ បែបនេះ សាធារណជន និងមហាជន ប្រជាពលរដ្ឋ នៅតែមន្ទិលសង្ស័យថា មិនស្របច្បាប់ និងមិនប្រក្រតី ដដែលជាដដែល។
៥- លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុន សម្រស់ធារ៉ា ធីឌីសប ខសមេធីក ឯ.ក បានអះអាងក្នុងលិខិតរបស់ខ្លួនថា ក្រុមហ៊ុនសម្រាធារ៉ា ជាក្រុមហ៊ុន ” នាំចូល ” ចែកចាយផលិតផលគ្រឿងសម្អាងដោយស្របច្បាប់ មានការអនុញ្ញាតពីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងនៅក្រៅប្រទេស និងក្នុងប្រទេស។ ប៉ុន្តែ ការស៊ើបសួររបស់ CEN នៅទីតាំងផលិត និងឃ្លាំងស្តុកផ្ទាល់ខាងលើ ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ទីតាំងថ្មីរបស់ក្រុមហ៊ុន សម្រស់ធារ៉ា ស្ថិតនៅភូមិស្វាយព្រហូត ឃុំគោកព្រីង នៃខេត្តស្វាយរៀងនេះ គឺជាទីតាំងផលិតផ្ទាល់ និងជាឃ្លាំងស្តុកដ៏ធំ ត្រូវបានក្រុមហ៊ុននេះ ប្រមូលបុគ្គលិកពីខេត្តផ្សេងៗ និងរាជធានីភ្នំពេញ មកធ្វើការផ្ដុំគ្នានៅទីនេះ មានបុគ្គលិកប្រមាណ ១០០នាក់ កំពុងធ្វើការយ៉ាងសកម្ម នៅក្នុងនោះ, ត្រង់ចំណុចនេះ វាផ្ទុយគ្នានឹងអ្វីដែល លោកស្រី ជួន សុធារ៉ា អះអាងថា ” នាំចូលពីក្រៅប្រទេស ” ទៅវិញ?!
៦- តាមមន្ត្រីជំនាញអះអាងថា រាល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មស្របច្បាប់ត្រឹមត្រូវនៅកម្ពុជា គឺត្រូវតែដាក់ផ្លាកយីហោរ ឬផ្លាកឈ្មោះរបស់ក្រុមហ៊ុន នៅខ្លោងទ្វារ ឬច្រកចូល នោះបានហៅថា ជាក្រុមហ៊ុនត្រឹមត្រូវ, ប៉ុន្តែ
នៅពេលក្រុមការងាររបស់ CEN ចុះដល់ទីតាំងផ្ទាល់ ដែលស្ថិតនៅចម្ងាយជាង ១០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងនោះ គឺឃើញច្បាស់ណាស់ថា ទីតាំងផលិត និងឃ្លាំងស្តុក របស់ក្រុមហ៊ុនសម្រស់ធារ៉ា បិទទ្វារជិតឈឹង ប៉ុន្តែមានសកម្មភាពនៅខាងក្នុងយ៉ាងសកម្ម និងមិនមានដាក់ផ្លាកយីហោ ឬផ្លាកឈ្មោះត្រឹមត្រូវនោះទេ ដូចមានរូបភាពរបស់ CEN បញ្ជាក់ជូនជាដើម។
៧- នៅមុនពេលធ្វើការចេញផ្សាយតាមបណ្ដាញសង្គមនានា, CEN បានព្យាយាមធ្វើបទសម្ភាសន៍ ក៏ដូចជាសុំការបំភ្លឺពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ គ្មានមន្ត្រីណាចូលរួមបកស្រាយនោះទេ, ជាបន្ត CEN បានសរសេរសំណួរដាក់បញ្ចូលទៅក្នុងតេឡេក្រាម របស់ក្រុមហ៊ុន សម្រស់ធារ៉ា និងទាំងមេធាវីផងដែរ តាមរយៈលេខទូរស័ព្ទ 099 557 707 , 086 779 779 ដើម្បីសុំការបំភ្លឺបកស្រាយ និងបញ្ជាក់ការពិត ប៉ុន្តែភាគីខាងក្រុមហ៊ុន មិនបានឆ្លើយតប ឬបំភ្លឺយ៉ាងណានោះទេ?! ហេតុដូច្នេះ ទើបព័ត៌មាននេះ ត្រូវបង្ខំផ្សាយដោយគ្មានមន្ត្រីជំនាញ និងម្ចាស់ក្រុមហ៊ុន បកស្រាយ ឬបំភ្លឺ។
៨- CEN ទទួលបានប្រភពព័ត៌មានថា មានលោកស្រីម្នាក់ មានឋានៈ តួនាទី ជារដ្ឋលេខាធិការនៅក្នុងក្រសួងមួយ មានឈ្មោះក្នុងភាគហ៊ុន នៃក្រុមហ៊ុន សម្រស់ធារ៉ា ផងដែរ ហើយកំពុងតែប្រើប្រាស់មធ្យោបាយកាង ក្រុមហ៊ុនសម្រស់ធារ៉ានេះខ្លាំងក្លាណាស់ តើច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការ អនុញ្ញាតឱ្យមន្ត្រីរាជការ ដែលមានតួនាទីក្នុងស្ថាប័នរដ្ឋ បែរជាទៅបើកក្រុមហ៊ុន ឬឈរឈ្មោះ ឬដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនឯកជនដែរឬទេ?! CEN សូមអំពាវនាវដល់ស្ថាប័ន ក្រសួងមានសមត្ថកិច្ច មេត្តាស៊ើបអង្កេត ស្រាវជ្រាវ ចំពោះបុគ្គលដែលមានតួនាទីក្នុងស្ថាប័នរដ្ឋ បែរជាទៅឈរឈ្មោះឱ្យក្រុមហ៊ុន សម្រស់ធារ៉ា នោះ តើមានខុសលក្ខណៈសម្បត្តិ នីតិសម្បទានៃមន្ត្រីរាជការដែរទេ?!
៩- ការិយាល័យនិពន្ធ CEN សូមជម្រាបជូនប្រជាពលរដ្ឋ មហាជន និងសាធារណជន និងស្ថាប័នរដ្ឋផងដែរ រាល់ការចេញផ្សាយរបស់អង្គភាពព័ត៌មាន CEN គឺសុទ្ធសឹងតែធ្វើឡើងតាម វិជ្ជាជីវៈ និងក្រមសីលធម៌ និងស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន, យោង មាត្រា ៥ ចំណុច ១ និងចំណុច ២ ស្ដីពី គោលការណ៍ទូទៅ នៃសារព័ត៌មាន និងការស្នើសុំព័ត៌មាន នៃច្បាប់ស្ដីពីរបបសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា៕ ពិសិដ្ឋ CEN






























