ភ្នំពេញ៖ សាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេសនេះ ជាសាកលវិទ្យាល័យដំបូងគេបង្អស់ នៅកម្ពុជា ដែលមានមហាវិទ្យាល័យ ចំនួន៦ រួមមាន៖ មហាវិទ្យាល័យពាណិជ្ជសាស្រ្ត និងនីតិសាស្រ្ត មហាវិទ្យាល័យវិទ្យាសាស្រ្តកុំព្យូទ័រ,មហាវិទ្យាល័យរចនា មហាវិទ្យាល័យភាសាអង់គ្លេស,មហាវិទ្យាល័យអប់រំ និងមហាវិទ្យាល័យវិស្វកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា (DE MONTFORT) នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមផងដែរពីលោក DOMINIC WILLIAMS អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោក DOMINIC WILLIAMS អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការរីករាយ ចំពោះវត្តមាននៃសកលវិទ្យាល័យរបស់អង់គ្លេសនៅកម្ពុជាជាលើកដំបូង។
លោកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានបញ្ជាក់ថា សកលវិទ្យាល័យនេះ នឹងនាំមកនូវការអប់រំតាមបែបពិភពលោកដល់ប្រជាជនកម្ពុជា។ សិស្សអាចសិក្សានៅកម្ពុជាតាមបែបកម្មវិធីសិក្សារបស់អង់គ្លេស ដោយអាចផ្សារភ្ជាប់ជាមួយក្រុមគ្រួសារ។
បើតាមអគ្គរាជទូតចក្រភពអង់គ្លេស បានបង្ហាញការរំភើបចិត្តចំពោះអ្វីដែលនាំមកសម្រាប់វិស័យឧត្តមសិក្សារបស់កម្ពុជា ហើយសង្ឃឹមថា វានឹងជួយលើកទឹកចិត្តដល់ការគិតគូរពីការសិក្សា ប្រកបដោយភាពក្លាហាន ដើម្បីគាំទ្រដល់វឌ្ឍនភាពលើគ្រប់វិស័យ។ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ត្រូវបានបង្កើតឡើងតាមអនុក្រឹតលេខ ២០៣ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល៕