Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិអប្សរា៖ ការថតវីដេអូ និងរូបភាពសន្លឹកដោយដ្រូន សម្រាប់ប្រភេទអាជីវកម្មនានា គឺត្រូវដាក់ពាក្យស្នើសុំ និងចាំបាច់ត្រូវបង់ប្រាក់​

ភ្នំពេញ៖ បើយោងតាមអាជ្ញាធរជាតិអប្សរា តារាងតម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានា មានបួនជម្រើស សម្រាប់ការថតវីដេអូ ឬរូបភាពនៅរមណីយដ្ឋានអង្គរ ដែលបានកំណត់ សម្រាប់អ្នកប្រើប្រាស់ជ្រើសរើសជម្រើសសេវាណាមួយ តាមតម្លៃសមរម្យដែលខ្លួនចង់បាន។

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការថតវីដេអូ និងរូបភាពសម្រាប់ផលិតចម្រៀងកាយវិកាយ វីដេអូឯកសារ ជាពិសេសសម្រាប់ស្ប៉តពាណិជ្ជកម្មខ្នាតតូចនិងធំជាដើម និងការថតវីដេអូ និងរូបភាពសន្លឹកដោយដ្រូន គឺត្រូវដាក់ពាក្យស្នើសុំ និងចាំបាច់ត្រូវបង់ប្រាក់ចន្លោះពី៥០ដុល្លារ ទៅ ៥០០០ដុល្លារ ក្នុងរយៈពេលប្រាំថ្ងៃ។

តារាងតម្លៃសេវាថតវីដេអូ និងរូបភាព ការថតភាពយន្តខ្នាតតូចធំ នៅរមណីយដ្ឋានអង្គរ ត្រូវដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ចន្លោះពី ៣០ដុល្លារ ទៅ៤៥០០ដុល្លារ ក្នុងរយៈពេល១០ថ្ងៃ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ជាថ្មីចំពោះតម្លៃសេវាថតវីដេអូ និងរូបភាពនៅរមណីយដ្ឋានអង្គរ និងតំបន់ប្រាសាទផ្សេងទៀតនៅខេត្តសៀមរាប បន្ទាប់ពីមានការផ្សព្វផ្សាយ ក៏ដូចជាការជជែកវែកញែកក្នុងចំណោមមហាជនតាមបណ្ដាញសង្គមដែលបានលើកឡើងថា ការថតវីដេអូឬរូបភាពនៅតំបន់រមណីយដ្ឋានអង្គរមាន “តម្លៃថ្លៃ“ ដែលជាឧបសគ្គមួយរារាំងទេសចរចូលមកទស្សនានៅកម្ពុជា។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណជនទាំងអស់ សូមបញ្ឈប់ការចែករំលែកព័ត៌មាន ដែលផ្ទុយពីការពិត។ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីបញ្ជាក់ជាថ្មីថា តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលខ្លួនបានជូនដំណឹងកាលពីសុក្រ គឺមិនមានការដំឡើងតម្លៃណាមួយឡើយ។ វាជាតម្លៃសេវា ដែលបានអនុវត្តតាំងពីឆ្នាំ២០១២ម្ល៉េះ ហើយក្នុងនោះ តម្លៃសេវាមួយចំនួន ត្រូវបានបន្ធូរបន្ថយនាពេលបច្ចុប្បន្ន។ ហើយការប្រើប្រាស់រូបភាពថត គឺធ្វើឱ្យបានសមស្រប ជៀសវាងការប្រើប្រាស់រូបភាព ដែលនាំឱ្យប៉ះពាល់ដល់តម្លៃនៃប្រាសាទអង្គរ និងសម្បត្តិបេតិកភណ្ឌនានាក្នុងរមណីយដ្ឋានអង្គរ។

ដោយឡែក លោកជំទាវ ឆាយ ស៊ីវលីន ដែលជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ការកំណត់តម្លៃសេវាសាធារណៈពាក់ព័ន្ធនឹងការថតវីដេអូ និងរូបភាពនៅរមណីយដ្ឋានអង្គរ វាជារឿងសំខាន់ណាស់ ដែលទាក់ទងដល់លំហូរទេសចរណ៍ចូលមកទស្សនាកម្ពុជា ព្រោះថា រាល់ការថតវីដេអូ ឬការថតរូបភាពជាផ្នែកមួយនៃការផ្សព្វផ្សាយពីវិស័យ​ទេស​ចរណ៍របស់កម្ពុជាយើង។

សូមជម្រាបថា បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុសាសន៍បន្ធូរបន្ថយលក្ខខណ្ឌថតរូបបែបលក្ខណៈឯកជន ថតរូបមុនរៀបអាពាហ៍ពិពាហ៍ (Pre-Wedding) និងថតសម្រាប់ផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនានា ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំពីអាជ្ញាធរជាតិអប្សរា ប៉ុន្តែការថតសម្រាប់ធ្វើអាជីវកម្ម តម្រូវឲ្យមានការដាក់ពាក្យស្នើសុំ និងតម្រូវបង់ប្រាក់តាមការកំណត់ ហើយអាជ្ញាធរជាតិអប្សរា ក៏បានចេញសេចក្ដីប្រកាសមួយស្ដីពីកែសម្រួលគោលការណ៍​ពាក់ព័ន្ធនឹងសេវាថតវីដេអូ ឬរូបភាពនៅតំបន់រមណីយដ្ឋានអង្គរនេះផងដែរ៕

×