ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំលើកទី២ គណៈកម្មាធិការអន្តរក្រសួងអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលតែងតែផ្តល់ការគាំទ្រដល់អង្គភាពគយនិងរដ្ឋាករ ក្នុងការអនុវត្តតួនាទី និងភារកិច្ចលើការងារកៀរគរ ចំណូលថវិកាជាតិ ជាពិសេសលើការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ ដែលការងារនេះ មិនត្រឹមតែបានពង្រឹងការប្រមូលចំណូលពន្ធនិងអាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់អនុលោមភាពរបស់ធុរជន ធានាបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌ និងចូលរួមចំណែកដល់កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសុខុមាលភាពសង្គមផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំលើកទី២ គណៈកម្មាធិការអន្តរក្រសួងអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណង៖ ១.ពិនិត្យវឌ្ឍនភាពការងារសម្រេចបានបន្ទាប់ពីកិច្ចប្រជុំលើកទី១ នាឆ្នាំ២០២២, ២. ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ និង ៣. ផ្តល់ការណែនាំនិងលើកទិសដៅការងារស្របតាមស្មារតីនៃបទបញ្ជាលេខ ០១ បប នេះឱ្យកាន់តែមានភាពល្អប្រសើរឡើង។
ក្នុងឱកាសនោះ បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុសប្រកបដោយភាពទទួលខុសត្រូវខ្ពស់ អង្គប្រជុំបានលើកទិសដៅអនុវត្ដដូចជា ៖ -បន្តពង្រឹង និងគាំទ្រកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតដល់អង្គភាពគយនិងរដ្ឋាករពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ស្របតាមខ្លឹមសារបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល, -បន្ថែមសមាសភាពអគ្គនាយកដ្ឋានពន្ធដារចូលជាសមាជិករបស់គណៈកម្មាធិការអន្តរក្រសួងអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២, -រៀបចំអនុស្សរណៈនៃការយោគយល់គ្នា ក្នុងចំណោមស្ថាប័ននគរបាលយុត្តិធម៌ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការប្រមូលចំណូលថវិកាជាតិ ពង្រឹងអនុលោមភាព រក្សាសណ្តាប់ធ្នាប់ និងសុខុមាលភាពសង្គម, -ដាក់ចេញនូវយន្តការកិច្ចសហប្រតិបត្តិការទំនាក់ទំនង ៣ កម្រិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលារួមមាន ៖ ថ្នាក់គណៈកម្មាធិការអន្តរក្រសួង, ថ្នាក់មូលដ្ឋានរាជធានី-ខេត្ត និងថ្នាក់មាត់ច្រកសំខាន់ៗ៕