ភ្នំពេញ៖ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៨ខែ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ បានឲ្យដឹងថា កម្ពុជាទទួលធ្វើជាប្រធានប្តូរវេនលើកទី២៣ នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការវិស័យមុខងារសាធារណៈ( 23rd ACCSM) និងជាប្រធានប្តូរវេនលើកទី៨ នៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការវិស័យមុខងារសាធារណៈ អាស៊ានបូកបី (8th ACCSM+3) សម្រាប់ឆ្នាំ២០២៤ -២០២៦ បន្តពីប្រទេសប្រ៊ុយណេដារូហ្សាឡាម។

ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ កម្ពុជា មានភារកិច្ចដឹកនាំសម្របសម្រួលការងារផ្សេងៗ រួមទាំងការតាក់តែង រៀបចំផែនការសកម្មភាពថ្មីរបស់កិច្ចការសហប្រតិបត្តិការវិស័យមុខងារសាធារណៈអាស៊ានសម្រាប់ឆ្នាំ ២០២៦ -២០៣០ ។

ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ បានបន្តទៀតថា បន្ថែមពីលើនេះ ក្នុងឋានៈប្រធានប្តូរវេន ក្រសួងមុខងារសាធារណៈកម្ពុជា នឹងត្រូវរៀបចំកិច្ចប្រជុំធំៗនៅក្នុងក្របខណ្ឌអាស៊ានជាច្រើន ដែលក្នុងនោះកិច្ចប្រជុំត្រៀមរៀបចំការងារ និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើវិស័យមុខងារសាធារណៈគ្រោងនឹងរៀបចំនៅពាក់ កណ្តាលឆ្នាំ២០២៥ ព្រមទាំងកិច្ចប្រជុំរបស់ប្រមុខមុខងារសាធារណៈអាស៊ាន និងអាស៊ានបូក៣ គ្រោងរៀបចំនៅក្នុងខែសីហា ឆ្នាំ២០២៦ រួមទាំងការរៀបចំវេទិកាអម និងកិច្ចប្រជុំគាំទ្រផ្សេងៗទៀត ដើម្បីជាប្រយោជន៍ក្នុងការគាំទ្រលើវិស័យមុខងារសាធារណៈរបស់កម្ពុជា និងក្រប ខណ្ឌតំបន់អាស៊ានទាំងមូល។

ឯកឧត្តម ឈុន សុជាតិ បានបញ្ជាក់ទៀតថា មូលបទក្នុងអាណត្តិដឹកនាំរបស់កម្ពុជាគឺ៖ «នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ។ មូលបទខាងលើទទួលបានការគាំទ្រ និងពេញចិត្ត ហើយមានការចូលរួមពីភាគីពាក់ព័ន្ធ និងប្រទេសជាមិត្តក្នុងវិស័យមុខងារសាធារណៈ។ ប្រទេសជាសមាជិកអំពីសារៈសំខាន់នៃប្រធានបទ និងអត្ថប្រយោជន៍នៃការបន្ស៊ីសកម្មភាពរបស់ខ្លួនជាមួយមូលបទដែលបានលើកឡើងនេះ។

មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈរបស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមអនុវត្តកិច្ចការងារក្នុងឋានៈជាប្រធាននៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ និងស្វាគមន៍មិត្តភក្តិអាស៊ានទាំង អស់សម្រាប់ការធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែស្អិតរមួតបន្ថែមទៀត៕
