ការរកឃើញថ្មីរបស់ក្រុមអ្នកវិទ្យាសាស្ត្រពីប្រអប់ខួរមនុស្សនៅចិនអាចបដិសេធចោលនូវទ្រឹស្តីទាំងឡាយអំពីប្រវត្តិសាស្ត្រមនុស្សលោក។
តាម Inderpandent អ្នកមនុស្សសាស្ត្រភាគច្រើនលើសលុបបានចាត់ទុកមនុស្សមានប្រភពចេញពីទ្វីបអាហ្វ្រិក មុននេះប្រមាណ ២០០.០០០ឆ្នាំ។ ក្រុមមនុស្សដំបូងចាកចេញពីទ្វីបអាហ្វ្រិកទៅកាន់កន្លែងផ្សេងៗលើពិភពលោក គឺប្រមាណ ៨០.០០០ឆ្នាំក្រោយមក។
ប៉ុន្តែជំនួសឲ្យផ្នត់គំនិតគិតថា មនុស្សមានប្រភពដើមពីទ្វីបអាហ្វ្រិកនោះការស្រាវជ្រាវមួយថ្មី ដែលទើបអះអាងបឋមថា នៅមានអម្បូរមនុស្សមួយផ្សេងទៀត បានកកើតឡើងនៅទ្វីបអាស៊ី តំបន់អាស៊ីបូព៌ា។
ក្រុមស្រាវជ្រាវដែលមានកិច្ចសហការរវាងសកលវិទ្យាល័យ Texas A&M (អាមេរិក) និងបណ្ឌិតសភាវិទ្យាសាស្ត្រចិន ថ្មីៗនេះបានប្រកាសការស្រាវជ្រាវលំអិតមួយជាសាធារណៈអំពីប្រអប់ខួរក្បាលដាលី ដ៏ល្បីល្បាញត្រូវបានកំណាយឃើញនៅចិន តាំងពី ៤០ឆ្នាំមុនម្លេះ។
ជាក់ស្តែងក្រុមស្រាវជ្រាវកំណត់បាននូវអាយុកាលនៃប្រអប់ខួរក្បាលនៅចិននោះគឺឡើងដល់ ២៦០.០០០ឆ្នាំ ពោលគឺ “បុរាណ” ជាងអ្វីៗដែលរកឃើញនៅទ្វីបអាហ្វ្រិក ដល់ទៅ ៦០.០០០ឆ្នាំឯណោះ ហើយវាក៏ជាប្រអប់ខ្លួនរបស់ជន Homo eretus។
ក្រុមអ្នកស្រាវជ្រាវចៀសពុំរួចពីការស្រឡាំងកាំង ហើយមោទនភាពគ្រាមានឱកាសពង្រាងបានមុខមាត់របស់មនុស្សមុននេះ ២៦០.០០០ឆ្នាំ។
ប៉ុន្តែប្រការនេះពុំអាចបញ្ជាក់បានថា មនុស្សដំបូងមានកំណើតនៅចិន ឬអាហ្វ្រិកទេ។ Hono erectus អាចមានវត្តមាននៅ២ ឬច្រើនកន្លែងជាងនេះ លើពិភពលោក។ មនុស្សទំនើបបច្ចុប្បន្នក៏អាចជាលទ្ធផលប្រឡាយកាត់រវាង ADN របស់អម្បូរមនុស្សនៅអាស៊ី និងអាហ្វ្រិក -ពុំមែនផ្តើមចេញពីអាហ្វ្រិកប៉ុណ្ណោះទេ។
អ្នកវិទ្យាសាស្ត្រឲ្យដឹងថា និងបន្តគំរោងស្រាវជ្រាវតាមរយៈការប្រៀបធៀបប្រអប់ខួរដាលី និងបណ្តាប្រអប់ខួរឆ្អឹងឆ្អែងរកឃើញនៅទ្វីបអាហ្វ្រិក បំណងពិនិត្យមើលថា តើមនុស្សដែលបុព្វកាលដែលរកឃើញនៅចិន ជះឥទ្ធិពលបែបណាដល់ការកកើត និងអវិវឌ្ឍមកកាន់មនុស្សទំនើបបច្ចុប្បន្ននេះ៕ ដោយ ៖ ចន្ទ្រា