ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា កំណើនដ៏រឹងមាំ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១៤,៧៦ ពាន់លានដុល្លារទៅកាន់ទីផ្សារបរទេស ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២៤។ តួលេខនេះ តំណាងឱ្យការកើនឡើង១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលការនាំចេញសរុបមានចំនួន ១២,៩ ពាន់លានដុល្លារ។

របាយការណ៍បានឲ្យដឹងទៀតថា កម្ពុជា បាននាំចូលទំនិញក្នុងតម្លៃ១៦,៤២ ពាន់លានដុល្លារ កើនឡើង១៥,៩ ភាគរយពី១៥,១៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ខែ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានរហូតដល់ទៅ៣១,១៨ ពាន់លានដុល្លារ កើនឡើង១៥ ភាគរយធៀបនឹងឆ្នាំមុន។

របាយការណ៍បានបន្ថែមថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជាជាមួយនឹងការនាំចេញសរុបចំនួន ៥,៥១ ពាន់លានដុល្លារ កើនឡើង៦៤ ភាគរយធៀបនឹងឆ្នាំមុន។ វៀតណាម និងចិនជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ ជាមួយនឹងការនាំចេញសរុបចំនួន ២,២ ពាន់លានដុល្លារ កើនឡើង ៣៧,៧ភាគរយ និង ០,៩៧ ពាន់លាន កើនឡើង ១៩,៧ ភាគរយរៀងគ្នា។
គួរបញ្ជាក់ថា ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ គឺជាប្រភពចំណូលពរូបីយប័ណ្ណបរទេសធំបំផុតសម្រាប់ប្រទេសកម្ពុជា។ វិស័យនេះមានរោងចក្រប្រហែល ១៣០០ ដែលមានកម្មករប្រមាណ ៨៥០.០០០ នាក់ ដែលភាគច្រើនជាស្ត្រី។ ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជាមានដូចជា សម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ ខណៈការនាំចូលសំខាន់ៗរបស់កម្ពុជា រួមមាន ថ្នាំ និងថ្នាំបំប៉ន គ្រឿងប្រើប្រាស់ អាហារ និងភេសជ្ជៈជាដើម៕