កោះកុង៖ ទស្សនកិច្ចពាណិជ្ជកម្មមកកាន់ខេត្តកោះកុង រយៈពេល ៣យប់ ៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ជាផ្នែកមួយក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ទាំងជាតិនិងអន្តរជាតិ បានជួបជុំគ្នាបង្កើនឱកាសក្នុងការវិនិយោគ និងស្វែងយល់កាន់តែច្បាស់ថែមទៀត ពីសក្តានុពលដ៏ច្រើនសម្បើមរបស់ខេត្តកោះកុង។

ថ្នាក់ដឹកនាំ និងប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តកោះកុង សហការរួមគ្នា រៀបចំដំណើរទស្សនកិច្ចពាណិជ្ជកម្មនេះ មកកាន់ខេត្តកោះកុង។ អ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកំពុងយកចិត្តទុកដាក់ និងបានដាក់គោលការណ៍សំខាន់ៗជាច្រើន ដើម្បីជំរុញរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មដ៏មានសារៈសំខាន់បែបនេះ ទៅតាមបណ្តាខេត្ត ដើម្បីបង្ហាញពីសក្តានុពល និងជាផែនទីបង្ហាញផ្លូវអាជីវកម្មនៅតាមបណ្តាខេត្តនានា។

ប្រតិភូដែលជាម្ចាស់អាជីវកម្មចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា មកកាន់ខេត្តកោះកុង នាពេលនេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ចាង ជាវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង និងអ្នកឧកញ៉ា សួរ វីរៈ អនុប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង។

អ្នកឧកញ៉ា សួរ វីរៈ អនុប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង និងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ថា សក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តកោះកុង ជាខេត្តអេកូទេសចរណ៍មួយនៃព្រះរាជាណាចក្រកម្ពុជា ដោយសារសម្បូរធនធានធម្មជាតិដ៏ស្រស់ត្រកាល អាចបង្កើតបានជារមណីយដ្ឋានយ៉ាងច្រើន ដែលកំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ហើយមានបែងចែកតំបន់ទេសចរណ៍ជាតំបន់ភ្នំ និងតំបន់ឆ្នេរ។
អ្នកឧកញ៉ាក៏បានអំពាវនាវដល់អ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ សូមរក្សាតម្លៃឱ្យបានសមរម្យជូនភ្ញៀវទេសចរ ជាពិសេសការរក្សាអនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាំងអាជីវករ ទាំងភ្ញៀវទេសចរ រួមគ្នារក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បីឱ្យខេត្តកោះកុងរក្សាបាននូវភាពស្រស់ស្អាត និងពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកោះកុងរយៈពេល ៣យប់ ៤ថ្ងៃនោះ សភាពាណិជ្ជកម្ម និងប្រតិភូ នឹងធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីបណ្តាក្រុមហ៊ុនសហគ្រាសនៅខេត្តកោះកុង ដូចជា កំពង់ផែកោះកុង តំបន់សេដ្ឋកិច្ចពិសេស, អាកាសយានដ្ឋានខេត្តកោះកុង, ក្រុមហ៊ុនយូញៀន ឌីវីឡុបមិន គ្រុប, ក្រុមហ៊ុនសហគ្រាសផលិត-កែច្នៃគ្រឿងសមុទ្រ, សហគ្រាសលក់រាយ និងបោះដុំគ្រឿងសមុទ្រ ព្រមទាំងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកោះកុង, ជំនួបពាណិជ្ជកម្ម (B2B) ជាមួយពាណិជ្ជករខេត្តកោះកុង, អាហារសាម្គីជាមួយថ្នាក់ដឹកនាំខេត្ត និងសភាពាណិជ្ជកម្មខេត្តកោះកុង៕