កោះកុង៖ ដើម្បីលើកស្ទួយផលិតផលខ្មែរ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូពាណិជ្ជករទៅទស្សនកិច្ចនៅសិប្បកម្មកៃច្នៃ វង្ស តារា និងផលិតប្រេងខ្លឹមចន្ទន៍ ក្នុងគោលបំណងដើម្បីសិក្សា និងស្វែងយល់ពីការផលិត ការកែច្នៃ និងវេចខ្ចប់ ដើម្បីលើកស្ទួយផលិតផលខ្មែរ។

ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅកាន់នៅសិប្បកម្មកៃច្នៃ វង្ស តារា មានផលិតទឹកត្រីកោះកុង, គ្រុំចំពុះទា បង្គាក្រៀម និងកាពិ ដែលល្បី និងមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ រីឯទៅមើលសិប្បកម្មផលិតប្រេងខ្លឹមចន្ទន៍ មានឈ្មោះល្បី ព្រោះតែក្លិនក្រអូបបានយូររបស់វា ដូច្នេះឈើខ្លឹមចន្ទន៍ត្រូវបានគេយកមកឆ្លាក់ជារូបព្រះ និងចម្រាញ់ជាប្រេង ដើម្បីផលិតជាសាប៊ូដុសខ្លួន និងទឹកអប់។ បន្ទាប់មក គេយកទៅចំហុយ ហើយបន្សុទ្ធ ចំពោះកម្ទេចម្ស៉ៅដែលនៅសល់ពីការចម្រាញ់ ត្រូវបានគេយកទៅធ្វើជាធូប ដើម្បីដុតក្នុងពិធីបុណ្យសាសនាផ្សេងៗផងដែរ។

ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នេះជាឱកាសដ៏សំខាន់ដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចង្អុលបង្ហាញឲ្យមានការរៀបចំដើម្បីគាំទ្រដល់ម្ចាស់សហគ្រាស និងពាណិជ្ជករខេត្តកោះកុង ជាពិសេសលើកកម្ពស់ផលិតផលក្នុងស្រុក បង្កើនការផលិត និងទាក់ទាញវិនិយោគិន បានកាន់តែច្រើនថែមទៀត។

ឧកញ៉ា សុខ ពិសិដ្ឋ ក៏បានចាត់ទុកកម្មវិធីដឹកនាំគណៈប្រតិភូចុះទៅខេត្តកោះកុង ដើម្បីជួបសិក្សាស្វែងយល់ពីអាជីវកម្មគ្នាទៅវិញទៅមករវាងខេត្តមួយទៅខេត្តមួយ និងពីតំបន់មួយទៅកាន់តំបន់ទៀត ដែលមានលក្ខណៈសក្តានុពលផ្សេងៗគ្នា ដូច្នេះយើងត្រូវជួយជំរុញផលិតផលរបស់យើង ដើម្បីផលិតឲ្យមានស្តង់ដារអនាម័យ និងវេចខ្ចប់ត្រឹមត្រូវ។

គួរបញ្ជាក់ថា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មខេត្តកោះកុង ដើម្បីជំរុញការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅខេត្តកោះកុង ដែលជាខេត្តមួយកំពុងតែមានសក្តានុពលផលនេសាទ ជាពិសេសចែករំលែកអំពីបទពិសោធន៍ និងព័ត៌មានធុរកិច្ចផ្សេងៗរបស់ខ្លួនទៅវិញទៅមក ក្នុងគោលបំណងលើកកម្ពស់ផលិតផលកែច្នៃនាំចេញ និងវេចខ្ចប់នៅក្នុងស្រុកផងដែរ៕

