ភ្នំពេញ៖ ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជា ទាមទារការវិនិយោគបន្ថែមប្រហែល ៣២៩ លានដុល្លារ ដើម្បីអនុវត្តតាមគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីឆ្នាំ ២០២២-២០២៧។ សហគមន៍កសិកម្មទំនើបចំនួនបី សម្រាប់ដំណាំចន្ទីក្នុងខេត្តកំពង់ធំ នឹងបង្កើតជាផ្លូវការនៅខែសីហា ឬកញ្ញាខាងមុខ រួមមានកំពង់ធំ សាលាវិស័យ ដែលមានសមាជិកចំនួន ៨៨ នាក់ និងផ្ទៃដីដាំស្វាយចន្ទីចំនួន ២០៤ ហិកតា ប្រាសាទសំបូរ មានសមាជិកចំនួន ៩៧ នាក់ មានផ្ទៃដីដាំស្វាយចន្ទីចំនួន ៥០៩ ហិកតា និងទំរីង កំពង់ធំ មានសមាជិកចំនួន ៧៦ នាក់ និងផ្ទៃដីផលិតគ្រាប់ស្វាយចន្ទីចំនួន ៤៦០ ហិកតា។

លោក អួន ស៊ីឡុត ប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានឲ្យដឹងថា CAC ចង់ទាក់ទាញការវិនិយោគបន្ថែមទៀតសម្រាប់ការកែច្នៃក្នុងស្រុក ដូច្នេះគោលនយោបាយគ្រាប់ស្វាយចន្ទីឆ្នាំ២០២២-២០២៧ អាចសម្រេចបានលទ្ធផលកាន់តែច្រើន។ លោក បានសង្កត់ធ្ងន់ថា “កាលណាយើងមានរោងចក្រកាន់តែច្រើន យើងអាចបង្កើតការងារកាន់តែច្រើននៅក្នុងសហគមន៍ កាត់បន្ថយពលករចំណាកស្រុក និងជួយកសិកររក្សាតម្លៃសមរម្យ ដោយផ្តល់តម្លៃបន្ថែម ដល់កសិករ និងការត់បន្ថយឈ្មួញកណ្តាលមួយចំនួនធំ”។

យោងតាមរបាយការណ៍របស់សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានឱ្យដឹងថា កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីពីររបស់ពិភពលោក ជាមួយនឹងការផលិតសរុបចំនួន ៨៣០.០០០ តោនក្នុងរយៈពេលប្រាំពីរខែចុងក្រោយនៃឆ្នាំ២០២៤។ សមាគមន៍ CAC បានឲ្យដឹងទៀតថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានចំនួនជាង ៧៨០,០០០តោន មានតម្លៃ១.០៩២ លានដុល្លារ កើនឡើង ៣៦,៧ ភាគរយនៃបរិមាណ និងការកើនឡើង ២៨,១ ភាគរយនៃតម្លៃ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃប្រហែល ៧៣០០ រៀលក្នុងមួយគីឡូក្រាម។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីពេលថ្មីៗនេះ បានជំរុញឱ្យកសិករដាំស្វាយចន្ទី ចូលរួមជាមួយសមាគមស្វាយចន្ទីកម្ពុជា និងសហគមន៍កសិកម្មផ្សេងទៀត ដើម្បីស្វែងយល់ពីការអភិវឌ្ឍន៍ផលិតកម្ម ពង្រឹងគុណភាព និងមានអំណាចក្នុងការលក់ផលិតផលរបស់ប្រជាកសិករ៕

