Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ដើម្បីរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា

សៀមរាប៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ខែ សីហា ឆ្នាំ ២០២៤នេះ បានសម្ពោធដាក់ឱ្យដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ក្នុងគោលបំណងលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការបឋម (Soft Launch) កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នៅខេត្តសៀមរាប នាថ្ងៃនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា អាចធ្វើការទាញយកកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មកអាចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគង ជាការស្រេច (ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន)។ ការណ៍នេះ នឹងកាត់បន្ថយបញ្ហាលំបាកដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់នៅតាមហាងទំនិញប្រមាណ ៣,៣លានទីតាំង ដែលមានសញ្ញា KHQR code។

លោកជំទាវបណ្ឌិត បានលើកឡើងថា៖ «នាពេលឆាប់ៗខាងមុខ បន្ទាប់ពីការដាក់ដំណើរការបឋមបានជោគជ័យ ខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរនឹងកាន់តែស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធីទូទាត់នេះ ហើយវានឹងក្លាយជាជម្រើសដ៏ប្រសើរនៃមធ្យោបាយទូទាត់ថ្មី ប្រកបដោយភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅប្រទេសកម្ពុជា»។

លោកជំទាវទេសាភិបាល មានការជឿជាក់ថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកជំរុញនវានុវត្តន៍និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ឱ្យបានទូលំទូលាយ ដើម្បីទាញប្រយោជន៍ឱ្យអស់លទ្ធភាពពីការប្រើប្រាស់សមិទ្ធផល ដែលបានដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ។

បើតាមលោកជំទាវបណ្ឌិត ជា សិរី បានអះអាងថា សមិទ្ធផលដែលសម្រេចបាននេះ គឺអាស្រ័យដោយធនាគារជាតិនៃកម្ពុជា បានអនុវត្តកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់លើវិស័យធនាគារ និងស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសក្រោមការយកចិត្តទុកដាក់ ការផ្តល់អនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបាគង ដែលមានមុខងារជាប្រព័ន្ធទូទាត់កន្លោង កាលពីខែតុលា ឆ្នាំ២០២០ និងមានការគាំទ្រយ៉ាងច្រើនពីមជ្ឈ ដ្ឋានជាតិ និងអន្តរជាតិ។ 

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ទៀតបាន និងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។ ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគង មានចំនួន ២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការ ជាប្រាក់ដុល្លារអាមេរិក) និងមានទំហំជាប្រាក់រៀលចំនួន ៧៧,៣៦ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន ៤៦,៣៣ប៊ីលានដុល្លារអាមេរិក។ ផ្អែកលើទិន្នន័យនេះ បង្ហាញថា ប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិកតាមប្រព័ន្ធបាគង និង KHQR ទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងឆាប់រហ័សក្នុងចំណោមសាធារណជន៕