ប៉ៃលិន៖ ពិធីប្រកាសតម្លៃ និងចុះកិច្ចសន្យាទិញផ្លែមៀនប៉ៃលិន រវាងតំណាងក្រុមហ៊ុន ឆាយណា ជីនវ័រយាន និងតំណាងសហគមន៍ផ្លែមៀនប៉ៃលិន បានរៀបចំឡើងតាមគោលដៅ ដើម្បីធ្វើយ៉ាងណាឲ្យតម្លៃផ្លែមៀនប៉ៃលិន មានទីផ្សារនាពេលអនាគត។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឲ្យដឹងថា កិច្ចសន្យារបស់ក្រុមហ៊ុន ឆាយណា ជីនវ័រយាន ឆ្នាំ ២០២២-២០២៣ មានចំនួន ៥៨២ ចំការ ហើយរហូតមកដល់ឆ្នាំ ២០២៣-២០២៤ គឺមានការកើនឡើងនូវកិច្ចសន្យា រហូតដល់ចំនួន ១,២២៥ ចំការ។ ការនាំចេញរបស់ក្រុមហ៊ុន ឆាយណា ជីនវ័រយាន គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានបរិមាណនាំចេញចំនួន ៣០៥ ទូរ ស្មើនិង ៧៥៥,០៦០ តោន (ប្រាំពីរសែនប្រាំម៉ឺនប្រាំពាន់ហុកសិបតោន) លុះគិតត្រឹមខែមិថុនា ឆ្នាំ២០២៤ បរិមាណនាំចេញចំនួន ៤១៩ទូរ ស្មើនិង ១,០៣០,០៨២ តោន (១លានបីម៉ឺនប៉ែតសិបពីរតោន)។ ការនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិន ប្រមាណជាង៤០០ទូរ ស្មើនឹងជាង ៣លានតោន គិតត្រឹមខែមិថុនា ឆ្នាំ២០២៤។

មានប្រសាសន៍ក្នុងឱកាសនេះ លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានអះអាងថា ក្រោយពិធីចុះកិច្ចព្រមព្រៀងនេះ គ្រប់ភាគីទាំងអស់ នឹងសហការគ្នា ឱ្យកាន់តែមានភាពជិតស្និទ្ធ នៅក្នុងការជួយជំរុញ ដំណើរការសេដ្ឋកិច្ចជាតិ កាន់តែមានភាពរីកចម្រើន និងជួយផលិតកម្ម ដែលមានគោលដៅចុងក្រោយ គឺបង្កើនប្រាក់ចំណូល ជូនដល់កសិករជាអ្នកដាំមៀនប៉ៃលិននេះ។

បើតាម លោក ពូជៀនហ្វី បច្ចុប្បន្ន ផ្លែមៀនប៉ៃលិន មានគុណភាពល្អលើសពីផ្លែមៀនរបស់វៀតណាម។ ជាមួយគ្នានេះ ផ្លែមៀនប៉ៃលិន សម្រាប់រដូវកាលថ្មី ចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺទិញក្នុងតម្លៃ១គីឡូក្រាម ៣០០០រៀល ចំណែកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្នុងមួយគីឡូក្រាម តម្លៃទិញគឺ ៣.៥០០រៀល ហើយលោកសង្ឃឹមថា តាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ កម្ពុជានិងក្លាយ ជាប្រទេសនាំចេញផ្លែមៀនធំជាងគេ នាពេលអនាគត៕
