ភ្នំពេញ៖ យោងតាមរបាយការណ៍និយតករធានារ៉ាប់រងកម្ពុជា IRC បានឲ្យដឹងថា វិស័យធានារ៉ាប់រងកម្ពុជា បានបន្តរីកចម្រើន ប៉ុន្តែក្នុងល្បឿនយឺតជាងមុន ជាមួយនឹងបុព្វលាភសរុបក្នុងអំឡុងខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២៤នេះ បានកើនដល់ ៨៧,៦លានដុល្លារ ។

របាយការណ៍បានបង្ហាញទៀតថា ការធានារ៉ាប់រងអាយុជីវិតបានកត់ត្រាកំណើនខ្ពស់ចំនួន ១២,៦ភាគរយ ក្នុងទំហំ ៥២ លានដុល្លារ ខណៈដែលការធានារ៉ាប់រងទូទៅបានឃើញកំណើនស្ទើរតែស្មើ ១,៩ ភាគរយដល់ ៣៥,៧ លានដុល្លារ។

របាយការណ៍នេះបានឱ្យដឹងថា ទ្រព្យសកម្មសរុបនៃវិស័យធានារ៉ាប់រងមានចំនួន ១,១ ប៊ីលានដុល្លារ ដែលជានិន្នាការដែលមានសុខភាពល្អទោះបីជាការធ្លាក់ចុះនៃបុព្វលាភក្តី។ ចំនួនសរុបនៃការទាមទារសំណងដែលបានបង់ដោយក្រុមហ៊ុនធានារ៉ាប់រងមានចំនួន ២៣,៧ លានដុល្លារ កើនឡើង ២៣,៨ ភាគរយពី ១៩ លានដុល្លារដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីផ្សារធានារ៉ាប់រងកម្ពុជា មានចំនួន ៣៤៤ លានដុល្លារ ក្នុងឆ្នាំ២០២៣ ជាមួយនឹងភាគទានបុព្វលាភធានារ៉ាប់រងចំនួន ១,១៦ភាគរយនៃផលិតផលក្នុងស្រុកសរុប និងដង់ស៊ីតេធានារ៉ាប់រងប្រហែល ២១,០២ ដុល្លារក្នុងមនុស្សម្នាក់។ «ភាគទានបុព្វលាភធានារ៉ាប់រង និងចំនួនដង់ស៊ីតេនៃការធានារ៉ាប់រងបង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជា មានឱកាសសម្រាប់កំណើនបន្ថែមទៀត។ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក IRC បានលើកឡើងថា វាមានតម្រូវការសម្រាប់ការផ្សព្វផ្សាយ និងការអប់រំជាសាធារណៈអំពីអត្ថប្រយោជន៍ និងគុណសម្បត្តិនៃការធានារ៉ាប់រង។

គួរបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា មានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន ១០៥ ដែលរួមមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន ២០ ភ្នាក់ងារធានារ៉ាប់រងចំនួន ៣៩ ក្រុមហ៊ុនវាយតម្លៃហនិភ័យធានារ៉ាប់រងចំនួនបី ក្រុមហ៊ុនគ្រប់គ្រងការទាមទារសំណងចំនួន ២ និងក្រុមហ៊ុនផ្តល់ប្រឹក្សាធានារ៉ាប់រងមួយផងដែរ៕