Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រទីពីរនៃក្រុមហ៊ុនមីនេបៀមីត្សូមីរបស់ជប៉ុន គ្រោងចាប់ផ្តើមសាងសង់ក្នុងតម្លៃទុន ៦៥០លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសដែលអញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន ZO Motors នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាល ពីថ្ងៃទី ១៨ខែសីហា ឆ្នាំ ២០២៤ បានលើកឡើងថា រោងចក្រទីពីរក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) របស់ជប៉ុន គ្រោងបើកការដ្ឋានសាងសង់ របស់ខ្លួន ក្នុងតម្លៃទុនវិនិយោគប្រមាណ ៦៥០លានដុល្លារអាម៉េរិក នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

ឯកឧត្តម បានគូសបញ្ជាក់ថា ថ្វីដ្បិតខេត្តពោធិ៍សាត់មានទីតាំងនៅឆ្ងាយពីរាជធានីភ្នំពេញបន្តិចមែន ប៉ុន្តែដោយសារតែកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ពិសេសគោលនយោបាយគាំទ្រដល់អ្នកវិយោគរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យក្រុមហ៊ុនដ៏ធំរបស់ជប៉ុននេះ សម្រចចិត្តបង្កើនការវិនិយោគ សង់រោងចក្រទីពីររបស់ខ្លួន នៅខេត្តពោធិ៍សាត់។

ឯកឧត្តមបន្តថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សន៍កន្លងទៅនេះ ក្រុមហ៊ុនមីនេបៀមីត្សូមី ដែលបច្ចុប្បន្នមានរោងចក្រដំបូងរបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ នឹងសាងសង់រោងចក្រទីពីររបស់ខ្លួន នៅលើផ្ទៃដីចំនួន ៥០ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងពេលសាងសង់រួចរោងចក្រផលិតគ្រឿងអគ្គិសនី នឹងត្រូវការកម្មករនិយោជិតជំនាញជាង ៥០០០នាក់។

ក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) កំពុងវិនិយោគនៅកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម។

គួរបញ្ជាក់ថា ក្នុងដំណើរអាជីវកម្មដំបូងនៅកម្ពុជា កាលពីឆ្នាំ ២០១០ ក្រុមហ៊ុន មីនេបៀមីត្សូមី បានចាប់ផ្តើមដើមទុនដំបូងប្រមាណ ៣២លានដុល្លារអាម៉េរិក និងកម្មករជាង ១ពាន់នាក់ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន បានបង្កើនដើមទុនវិនិយោគឡើងដល់ប្រមាណជាង ៦០០លានដុល្លារអាម៉េរិក និងមានកម្មករជាង ៦៦០០នាក់។ ខេត្តពោធិ៍សាត់ ក៏នឹងក្លាយជាទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុនផងដែរ ខណៈដែលខេត្តនេះ មានទីតាំងអំណោយផលល្អ មានថាំពលអគ្គិសនីស្អាត ទាំងវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ, មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ ផ្លូវជាតិលេខ ៥ និងផ្លូវដែក ដែលងាយស្រួលសម្រាប់ការដឹកជញ្ជូនមករាជធានីភ្នំ ពេញ និងនាំចេញទៅប្រទេសថៃ ជាដើម៕