ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជាដែលជាម្ចាស់ដើមវិញ ជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិផងដែរ។

នេះជាការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ នាព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២៤ នៅវិមានសន្តិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញុំសូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និង អ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានយកឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលទាំងនេះ ។ សម្តេចធិបតីក៏បានថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក មានដូចជា ក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ ក្រសួងយុត្តិធម៌ និង ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ សម្របសម្រួល និង គាំទ្រទាំងទិដ្ឋភាពច្បាប់ និង បច្ចេកទេស ក្នុងការទប់ស្កាត់ និង ការបញ្ជូនត្រឡប់ មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ។

សម្តេចធិបតី ក៏ថ្លែងអំណរគុណ និង កោតសរសើរដល់ រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និង ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាដែលថ្មីៗនេះ បានសហការនិង ជួយសម្របសម្រួលក្នុងការបញ្ចូនរូបចម្លាក់ និង គ្រឿង- អលង្ការបុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ ហើយវត្ថុចំនួន ៧៦ រូបទៀតនឹងត្រូវបានបញ្ជូនមកវិញ នាពេលឆាប់ៗនេះ ។

សម្តេចធិបតីបានវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និង អន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីបញ្ហានៃការជួញដូរសម្បត្តិវប្បធម៌ នៅលើពិភពលោកនាសម័យទំនើបនេះ ដើម្បីបំផុសការចូលរួមក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់ការ ចរាចរ និង ការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌៕








