សៀមរាប៖ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ហៅមកអប់រំ បន្ទាប់ពីបុគ្គលរូបនេះ បានបង្ហោះវីដេអូខ្លី និងសកម្មភាពដែលនាំឲ្យប៉ះពាល់ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសតម្លៃ កុមារកម្ពុជា ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោក មួន សុភាព បានបញ្ជាក់ថា ការដែលមន្ទីរហៅប្អូនៗក្មួយៗ មកពេលនេះ មិនមែនជាការចាប់ទោសអូដំណើរអ្វីនោះទេ បើទោះបីជាវីដេអូ និងសកម្មភាពដែលបានធ្វើនោះបានបង្ហាញនូវរូបភាពខុសឆ្គងក្តី។ ប៉ុន្តែការហៅមកនេះ ជាការកែតម្រូវ និងស្ដាប់ការណែនាំពីមន្រ្តីជំនាញនូវចំណុចដែលមានកំហុសឆ្គង ពិសេសប៉ះពាលដល់សិទ្ធិកុមារ ទោះបីមានការយល់ព្រម អនុញ្ញាតពីសាមីខ្លួន និងអាណាព្យាបាលក៏ដោយ ក៏ពួកគេនៅតែមានច្បាប់ការពារ និងជាវ័យមួយដែលកំពុងត្រូវការរៀនសូត្រ ។

លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និងKanha Slerkcher Catwalk Class និងក្រុមកាងារ បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឲ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គាំឆ្គងនានា និងបានធ្វើការសុំទោសនូវរាល់កំហុសឆ្គងកន្លងមក និង ចុះកិច្ចសន្យាបញ្ឃប់ធ្វើការបង្ហោះផ្សព្វផ្សាយ ដែលមានសកម្មភាព រូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសសិទ្ធិកុមារនៅកម្ពុជា៕

