Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ជប៉ុន សហការគ្នា បណ្តុះបណ្តាលធនធានមនុស្ស​ ផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង ដល់អ្នកបន្តវេន

សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ារបស់ប្រទេសជប៉ុន បានធ្វើកំណាយស្រាវជ្រាវរួមគ្នានៅខាងក្នុងកំពែងរបស់ប្រាសាទបន្ទាយក្តី លើទួលបុរាណ សិក្សាអំពីរចនាសម្ព័ន្ធរបស់ទួល និងទំនាក់ទំនងជាមួយកំពែងប្រាសាទក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកំណាយស្រាវជ្រាវ​ ដើម្បីចែករំលែកចំណេះដឹង និងជាការបន្តវេនដល់មនុស្សជំនាន់ក្រោយ។

បើតាមអាជ្ញាធរជាតិអប្សរា កំណាយស្រាវជ្រាវបុរាណវិទ្យានេះ ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤​។ និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ កញ្ញា កែវ ឈន់លីលី ដែលបានចូលរួមធ្វើកំណាយ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលមានឱកាសចូលរួមធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ ការចូលរួមធ្វើកំណាយស្រាវជ្រាវ គឺពិតជាមានសារសំខាន់ណាស់បានផ្តល់នូវចំណេះដឹង និងបទពិសោធជាច្រើនបន្ថែមពីលើការសិក្សាទ្រឹស្តីនៅក្នុងសាលា។

លោក ឡាំ យសោធរ និស្សិតបុរាណវិទ្យាឆ្នាំទី២ ឱ្យដឹងថា នេះជាលើកដំបូងសម្រាប់គាត់ ដែលបានចុះអនុវត្តមកធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ ការចុះមកអនុវត្តផ្ទាល់នៅការដ្ឋានកំណាយបានធ្វើឱ្យរូបលោក បានយល់ដឹងពីរបៀបបែងចែករណ្តៅកំណាយ ការដៅចំណុចរណ្តៅនីមួយៗ របៀបកំណាយ ការកត់ត្រា ការបែកចែកស្រទាប់ដី និងរៀបចំឯកសារជាដលម។ បង្កើនការយល់ដឹងផ្នែកស្រាវជ្រាវបុរាណវិទ្យា ទទួលបាននូវបទពិសោធ ចំណេះដឹងថ្មីៗក្នុងការពង្រឹងសមត្ថភាពលើការសិក្សា និងទៅថ្ងៃអនាគត៕