ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា បានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលបទពិសោធអតិថិជន ដែលបញ្ចូលគ្នារវាងរចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ មជ្ឈមណ្ឌលនេះ គឺសម្រាប់បម្រើសេវាកម្មជូនអតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។

មជ្ឈមណ្ឌលនេះ មានទីតាំងនៅក្នុងអាគារប្រវត្តិសាស្រ្ត រ៉ូយ៉ាល់ រេលវេ ដែលជាមជ្ឈមណ្ឌលដែលបញ្ចូលគ្នារវាងរចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជនផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ មានការបម្រើសេវាកម្មជាច្រើន រួមទាំងសេវាទូរគមនាគមន៍ ធនាគារ សេវាកម្មដំណើរ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

បើកសម្ពោធមជ្ឈមណ្ឌលបទពិសោធអតិថិជននេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ប៉េង ពោធិ៍នា បានគាំទ្រចំពោះគម្រោងនេះ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានា សូមចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនទំនិញ និងធ្វើដំណើរតាមផ្លូវដែកកម្ពុជា ឲ្យបានជាអតិបរមា ដោយហេតុផលចំណេញថវិកាជាមួយនឹងតម្លៃទាបក្នុងការដឹកជញ្ជូន និងធ្វើដំណើរ។ ជាមួយគ្នានេះ ក្រសួងក៏សូមស្នើដល់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ ឧបករណ៍សុវត្ថិភាពនានា ដើម្បីបង្កើតប្រសិទ្ធភាពដឹកជញ្ជូន ឆ្លើយតបនឹងរបត់ដ៏សំខាន់ ក្នុងការប្រតិបត្តិវិស័យដឹកជញ្ជូនតាមផ្លូវដែក ក៏ដូចជាដើម្បីលើកស្ទួយវិស័យផ្លូវដែកនៅកម្ពុជា។

បើយោងតាមអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ មិនត្រឹមតែជាអគារប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃបច្ចេកវិទ្យាឌីជីថល និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើង។ យើងនឹងធ្វើឱ្យអគារប្រវត្តិសាស្រ្តដែលបន្សល់ទុក ក្នុងសម័យអាណានិគមបារាំងនេះរស់ឡើងវិញ ដោយមានអ្វីៗរីកចម្រើនសម្បូរបែប ចាប់ពីពេលបច្ចុប្បន្ន រហូតដល់អនាគត៕
