កំពត៖ អាជ្ញាធរខេត្តកំពត និងមន្ត្រីជំនាញ រំពឹងទុកថា ក្រោយពីនាឡិកាកម្ពស់ ៣៥ម៉ែត្រនេះ សាងសង់និងដំឡើងរួចរាល់ ពេលណា ខេត្តកំពត នឹងកាន់តែមានភាពទាក់ទាញ ហើយភ្ញៀវទេសចរ នឹងមកលេងកម្សាន្តកាន់តែច្រើនជាងមុន ព្រោះ នាឡិកានេះ ជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពីរូបសំណាកសេះសមុទ្របាញ់ទឹកដែលមានភាពទាក់ទាញ។

ជារៀងរាល់សប្តាហ៍ ភ្ញៀវទេសចរ ប្រមាណ ៥ម៉ឺននាក់ បានមកសម្រាកកម្សាន្តលេងនៅក្នុងខេត្តកំពត ក្រោយពេលសមិទ្ធផលរូបសំណាកសេះសមុទ្របាញ់ទឹកបានសាងសង់រួចរាល់។ ហើយតាមការរំពឹងទុក ក្រោយពេលនាឡិកាកម្ពស់ជាង ៣០ម៉ែត្រនេះ សាងសង់រួចរាល់ នឹងកាន់តែមានភាពទាក់ទាញ ហើយកំណើនភ្ញៀវទេសចរ និងកើនឡើងបន្ថែមទៀត។

គិតមកត្រឹមថ្ងៃថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសដំឡើងនាឡិកាកម្ពស់ ៣៥ម៉ែត្រ មុខកាត់អង្កត់ផ្ចិតជិត ១០ម៉ែត្រ បានបន្តដំឡើងបានប្រមាណ ៨០ភាគរយហើយ ដែលការដំឡើងគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

ខេត្តកំពត ក្រោមកិច្ចចង្អុលការ និងដឹកនាំដោយផ្ទាល់ពីលោក ម៉ៅ ធនិន ជាអភិបាលខេត្ត ដែលជាសេនាធិការ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី តែងតែដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកិច្ចចង្អុលការដោយផ្ទាល់ ទៅកាន់អភិបាលរាជធានី-ខេត្ត ដែលជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ត្រូវរៀបចំកែច្នៃ អភិវឌ្ឍន៍តំបន់ទេសចរណ៍ ក៏ដូចជាបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ជាក់ស្តែងដូចជាខេត្តកំពត អភិបាលខេត្តតែងតែបង្កើតសមិទ្ធផលថ្មីៗ ដែលក្នុងរយៈពេលកន្លងមក សមិទ្ធផលទេសចរណ៍ជាច្រើន បានលេចចេញជារូបរាង មានដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត សួនហាត់ប្រាណ សួនលំហែ ពិសេសរូបសំណាកសេះសមុទ្របាញទឹក ហើយក្នុងមួយសប្តាហ៍ៗខេត្តកំពតមានភ្ញៀវទេចរមកសម្រាកកម្សាន្តប្រមាណជាង ៥ម៉ឺននាក់៕
