Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត គុណ ញឹម បានជំរុញសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ចូលរួមយន្តការភាពជាដៃគូគយ-ផ្នែកឯកជនដែល អគរ បាននិងកំពុងអនុវត្តជាមួយសមាគមធុរកិច្ច

នៅរសៀលថ្ងៃពុធ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាក្រោមប្រធានបទ “ចក្ខុវិស័យឆ្នាំ ២០២៤-២០២៨ និងបច្ចុប្បន្នភាពនៃវិស័យគយនិងរដ្ឋាករនៅកម្ពុជា” រៀបចំដោយសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីគយ ជាពិសេសទិសដៅជាយុទ្ធសាស្ត្រនៃរដ្ឋបាលគយកម្ពុជាដែលរួមមាន ការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ជាដើម ជូនដល់សមាជិករបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា។ កម្មវិធីនេះបានរៀបចំឡើងនៅសណ្ឋាគារ Rosewood Phnom Penh និងមានអ្នកចូលរួមប្រមាណ ១០០ រូប ដែលជាពីតំណាងមកពីក្រុមហ៊ុន សហគ្រាសជាសមាជិករបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា, ក្រុមហ៊ុនប្រកបរបរអាជីវកម្មនាំចេញ-នាំចូល និងក្នុងវិស័យដឹកជញ្ជូន។

ថ្លែងក្នុងមតិស្វាគមន៍ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណនិងស្វាគមន៍ចំពោះ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ និងអង្គពិធីដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលា។ លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បានលើកឡើងពីភាពចាំបាច់ក្នុងការរៀបចំឱ្យមានវេទិកាសម្រាប់កិច្ចពិភាក្សារវាងរដ្ឋបាល​គយកម្ពុជា និងធុរជន-វិនិយោគិនអាម៉េរិកក្នុងន័យដើម្បីធានាអនុលោមភាពនៃការអនុវត្តនីតិវិធី ចូលរួមចំណែកដល់ការកៀរគរចំណូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជានិងអាម៉េរិក ក៏ដូចជាដើម្បីទាក់ទាញវិនិយោគិនរបស់អាម៉េរិកបន្ថែមទៀត ស្របពេលដែលអាម៉េរិកជាទីផ្សារនាំចេញចំបងរបស់ផលិតផលកម្ពុជា។

ជាចំណាប់អារម្មណ៍ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងរបស់ផ្នែកឯកជនអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគយ ដែលជាកត្តាចូលរួមចាំបាច់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា​តាមរយៈអនុលោមភាពដោយស្ម័គ្រចិត្តពីផ្នែកឯកជន។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានលើកទឹកចិត្តឱ្យសមាជិកសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ស្វែងយល់ពីការធ្វើសាមញ្ញកម្មនីតិវិធីគយ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ ជាពិសេសស្របតាមវិធានការជាកញ្ចប់ដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានស្នើឱ្យសមាជិកសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ចាប់យកនូវអត្ថប្រយោជន៍ពីកញ្ចប់លើកទឹកចិត្តនានាជូនដល់ធុរជនដែលមានអនុលោមភាពខ្ពស់ និងត្រូវបំពេញកាតព្វកិច្ចដែលមានចែងក្នុងច្បាប់​និងបទប្បញ្ញត្តិជាធរមាន។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានជំរុញសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ចូលរួមយន្តការភាពជាដៃគូគយ-ផ្នែកឯកជនដែល អគរ បាននិងកំពុងអនុវត្តជាមួយសមាគមធុរកិច្ចនានារួមមាន សភាពាណិជ្ជកម្មកម្ពុជា, JBAC, EuroCham ជាដើម ប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាមិនប្រក្រតី ក៏ដូចជាសំណូមពរនានា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាថែមទៀត។

អង្គសិក្ខាសាលាបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញដោយតំណាង អគរ លើប្រធានបទស្ដីពីការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទគយ, ការអនុវត្តយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ របស់ អគរ, និងទិសដៅបន្តរបស់អគ្គនាយកដ្ឋាន។ វេទិកាសំណួរ-ចម្លើយនិងកិច្ចពិភាក្សា ដែលមាន ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ, លោកអគ្គនាយករង ផា អេងវ៉េង, តំណាងសមាគមភស្តុភារកម្មកម្ពុជា ជាវាគ្មិន បានពិភាក្សានិងដោះដូរយោបល់លើប្រធានបទមួយចំនួនដែលរួមមាន ការអនុវត្តនីតិវិធីគយលើកញ្ចប់បញ្ញើរហ័សនិងកញ្ចប់ប្រៃសណីយ៍, ការកែសម្រួលអត្រាអាករពិសេសលើទំនិញនាំចូល, អត្ថប្រយោជន៍នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឡូជីស្ទីកនៅកម្ពុជា, និងការអនុវត្តប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment) ជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×