Thursday, May 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ត្រូវបានរកឃើញថា មានវិសមិតភាពនឹងការងាររដ្ឋ ប្រកបវិជ្ជាជីវៈមេធាវីផង និងកាងក្រុមហ៊ុនល្មើសច្បាប់សម្រស់ធារ៉ាផង

រាជធានីភ្នំពេញ : លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ទទួលបន្ទុកផ្សព្វផ្សាយការងារវិស័យច្បាប់ និងជាមេធាវីមួយរូបក្នុងសមាជិកភាពនៃគណៈមេធាវីព្រះរាជាណាចក្រកម្ពុជា ដែលមិនបានព្យួរអាជីព វិជ្ជាជីវៈមេធាវីនេះនៅឡើយ មានន័យថា រកស៊ីសេវាការពារផ្លូវច្បាប់សម្រាប់ឯកជនភាពផ្ទាល់ខ្លួនលោកស្រីផង និងបម្រើការងារជារដ្ឋលេខាធិការនៅក្រសួងអធិការកិច្ចផង, ប៉ុន្តែឥរិយាបថថ្មីៗនេះ ស្ដែងឱ្យគេមើលឃើញថា បែរជាចូលខ្លួនកកូរកកាយកិច្ចការងារក្រៅក្របខ័ណ្ឌរដ្ឋសម្បើមដៃខ្លាំងណាស់ គឺគប់គិតជាមួយក្រុមហ៊ុនឯកជន ចេញមុខកាងឱ្យក្រុមហ៊ុនឯកជនសម្រស់ធារ៉ា ពោលគឺ លោកស្រីបានយកឋានៈ តួនាទី ទៅធ្វើជាខ្នងបង្អែក បម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនឯកជនសម្រស់ធារ៉ា បំពានបញ្ញត្តិនៃច្បាប់ ស្ដីពី លក្ខន្តិកៈមេធាវី មាត្រា ៥៣ និងមាត្រា ៥៤ , និងបំពានបញ្ញត្តិច្បាប់ ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣៥, មិនត្រឹមប៉ុណ្ណេះ លោកស្រី វី ស្រីពៅ ថែមទាំងជំរុញឱ្យបរិវារនៃក្រុមហ៊ុនសម្រស់ធារ៉ា ធ្វើការប្រមាថកាតទាន អុជអាល ទៅលើម្ចាស់អាជីវកម្មមួយផ្សេងទៀតដែលមិនពាក់ព័ន្ធ គឺ SV ហុងស៊ុយ ធ្វើឱ្យមានការយល់ច្រឡំប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ម្ចាស់អាជីវកម្ម SV ហុងស៊ុយ យ៉ាងធ្ងន់ធ្ងរ,  ហេតុដូច្នេះ សូមឱ្យសាមីក្រសួងរបស់លោកស្រីរូបនេះ និងក្រសួងពាក់ព័ន្ធ មេត្តាជួយចាត់វិធានការ លើនីតិសម្បទាវិជ្ជាជីវៈ និងក្រមសីលធម៌របស់លោកស្រីរដ្ឋលេខាធិការម្នាក់នេះផង ដើម្បីធ្វើជាគំរូល្អដល់មន្ត្រីរាជការដទៃទៀត។ 

បានជាមហាជនមើលឃើញយ៉ាងច្បាស់ពីឥរិយាបថរបស់លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច យកឋានៈ តួនាទី បំពានច្បាប់ខាងលើនេះ ព្រោះថា ថ្មីៗនេះ នៅពេលដែល CEN ផ្សាយអំពីភាពល្មើសច្បាប់ ល្មើសបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ស្រាប់តែលោកស្រី វី ស្រីពៅ រូបនេះ បានបញ្ចេញឥរិយាបថចូលយ៉ាងកៀកជាមួយនឹង លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ដោយសន្យាប្ដូរផ្ដាច់នឹងគ្នា ការពារគ្នា, តួយ៉ាងដូចជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពី CEN បានផ្សាយស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទៅលើក្រុមហ៊ុនសម្រស់ធារ៉ា ដែលកំពុងធ្វើសកម្មភាពចែកចាយផលិតផល ម្សៅលាបមុខ លាបខ្លួន ឡេលាបមុខ លាបខ្លួន ល្មើសនឹងបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសនោះ ស្រាប់តែលោកមេធាវី ពិត សុខណែន តំណាង និងការពារសិទ្ធិឱ្យក្រុមហ៊ុនសម្រស់ធារ៉ា, ហើយលោកមេធាវីរូបនេះក៏ជាស្វាមីរបស់ លោកស្រី វី ស្រីពៅ ដែលស្ថិតក្នុងការប្រកបវិជ្ជាជីវៈមេធាវីដែរនោះ បានធ្វើលិខិតជូនដំណឹង ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដោយបញ្ជាឱ្យលុបព័ត៌មានចេញពីផេករបស់ CEN ទាំងអស់ ដែលផ្សព្វផ្សាយពាក់ព័ន្ធនឹងបទល្មើសរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ដោយដាក់កំណត់ក្នុងរយៈពេលមិនឱ្យលើសពី ២៤ ម៉ោង ផ្ទុយពីច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ១០ បានចែងថា ជនណាម្នាក់ ដែលយល់ថា អត្ថបទផ្សាយណាមួយ នៃសារព័ត៌មានណាមួយ ដែលមានលក្ខណៈខុសការពិត ធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន ជននោះ មានសិទ្ធិទាមទារឱ្យព័ត៌មាននោះ ធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយតប បំភ្លឺ ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ ទៅតាមអ្វីដែលជាការពិត និងភ្ជាប់មកជាមួយនូវឯកសារភស្តុតាងផងដែរ ដើម្បីបញ្ជាក់ពីការពិត, មានន័យថា មិនមានចំណុចណាមួយតម្រូវឱ្យមេធាវីមានសិទ្ធិបញ្ជាលុបព័ត៌មានចោលក្នុងរយៈពេល ២៤ ម៉ោង និងប្រើសិទ្ធិជាមេធាវីរំលោភបំពានសេរីភាពឯករាជ្យលើវិស័យសារព័ត៌មាននោះឡើយ។

សូមបញ្ជាក់ថា លោកមេធាវី ពិត សុខណែន មានអត្តលេខ ២៣៨ ជាសមាជិកគណៈមេធាវី គឺជាស្វាមីរបស់ លោកស្រី វី ស្រីពៅ ក៏ជាមេធាវីម្នាក់ដែរនោះ មានអត្តលេខ ១៨៦៣ ជាសមាជិកគណៈមេធាវី ទាំងពីរនាក់នេះកំពុងស្ថិតក្នុងការប្រកបវិជ្ជាជីវៈមេធាវីដូចគ្នា និងជាប្រធានក្រុមមេធាវីអាស៊ីអាគ្នេយ៍ ដែលមានការិយាល័យភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ដីពី លោកស្រី វី ស្រីពៅ វិញ បើតាមការស្រាវជ្រាវបញ្ជីឈ្មោះនៅគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា គឺកំពុងស្ថិតក្នុងការប្រកបវិជ្ជាជីវៈមេធាវីនៅឡើយ និងជារដ្ឋលេខាធិការក្រសួងអធិការកិច្ច ទទួលបន្ទុកផ្សព្វផ្សាយការងារវិស័យច្បាប់ ដែលឥរិយាបថធ្វើការមានវិសមិតភាពពីរបីកន្លែងនេះ គឺជាទង្វើផ្ទុយនឹងច្បាប់ ស្ដីពី លក្ខន្តិកៈមេធាវី មាត្រា ៥៣ និងមាត្រា ៥៤ , និងបំពានបញ្ញត្តិច្បាប់ ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣៥ ។

Sambar, [8/29/2024 2:04 PM]
ហេតុដែលនាំឱ្យឆ្លុះបញ្ចាំងឃើញថា លោកស្រី វី ស្រីពៅ យកឋានៈតួនាទី ជារដ្ឋលេខាធិការក្រសួងអធិការកិច្ច ទៅកាងឱ្យក្រុមហ៊ុនល្មើសច្បាប់សម្រស់ធារ៉ា និងជំរុញឱ្យពួកបរិវារនៃក្រុមហ៊ុននេះ ធ្វើការប្រមាថ កាតទាន អុជអាល ទៅលើម្ចាស់ហាង គ្រឿងអលង្ការហុងស៊ុយ ដែលនាំឱ្យមានការយល់ច្រឡំប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ម្ចាស់ហាងយ៉ាងធ្ងន់ធ្ងរនោះ គឺកាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ បន្ទាប់ពី CEN បានផ្សព្វផ្សាយអំពីបទល្មើសរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ២លើករួចមក ក៏មាន លោក សំ សេរីរ័ត្ន ត្រូវបានគេស្គាល់ច្បាស់ និងមានឋានៈតួនាទី ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃក្រសួងអធិការកិច្ច និងមានខ្សែចង្វាក់ការងារក្រោមបង្គាប់របស់ លោកស្រី វី ស្រីពៅ ដែលជារដ្ឋលេខាធិការនោះ បានហៅទូរស័ព្ទចូលមកហាងគ្រឿងអលង្ការហុងស៊ុយ សួររកម្ចាស់ហាង ប៉ុន្តែក្រុមការងារបានប្រាប់ថា នេះមិនមែនជាលេខរបស់ម្ចាស់ហាងទេ ពួកខ្ញុំជាក្រុមការងារ, ពេលនោះ លោក សំ សេរីរ័ត្ន ក៏ផ្ដាច់ទូរស័ព្ទបាត់ទៅ ដែលនេះប្រៀបបានចូលមកស៊ើបការណ៍ ដើម្បីឱ្យដឹងថា ម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយជានរណា?! 

ស្ដែងចេញពីការស៊ើបរបស់ លោក សំ សេរីរ័ត្ន ដែលជាខ្សែញាក់របស់ លោកស្រី វី ស្រីពៅ នោះ ស្រាប់តែប៉ុន្មានម៉ោងក្រោយមក ក៏លេចចេញពួកបរិវាររបស់ក្រុមហ៊ុនសម្រស់ធារ៉ា ជាច្រើននាក់ បានចូលខុម្មិននៅលើផេក CEN ដោយប្រើពាក្យប្រមាថកាតទាន អុជអាល ទៅលើម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ យ៉ាងប្រសាច ដូចជា អាខោន ក្ដាមស្រែប្រែកាយ ប្រមាថថា ” អាងខ្លួនជាជំទាវ និងជាចាងហ្វាងព័ត៌មាន CEN នាំកូនស្រីទៅទិញគ្រឿងពេជ្រ នៅហាង វីលីណា ជំពាក់មិនឱ្យលុយគេ , ប្រឹងរកលុយសងថ្លៃពេជ្រគេសិនទៅ កុំគិតតែរឿងអត់ប្រយោជន៍ , អាខោន ក្ដាមស្រែប្រែកាយ និងអាខោន Oun Ying បានសតគ្រីន ចំណងជើងចាស់ៗរបស់សារព័ត៌មានមួយចំនួន ដែលផ្សាយតាំងពីដើមឆ្នាំ២០២៣ ថា ” ហួសចិត្ត ទិញគ្រឿងអលង្ការគេហើយ មិនឱ្យលុយ ជំពាក់គេជាង ១៨ ម៉ឺនដុល្លារ…។ ចំណែក អាខោន Heng Srey Ny បានប្រើពាក្យប្រមាថកាតទាន ម្ចាស់ហាង SV ហុងស៊ុយ ថា ” CEN សងលុយថ្លៃគ្រឿងពេជ្រគេផង , CEN អគ្គនាយកសងលុយពេជ្រគេផង ម៉េចចឹង ? , អត់លុយចូលហាងពេជ្រ ទិញតែអត់លុយឱ្យគេ…។ ពាក្យអសុរោះ និងការគាស់រំលើងរឿងចាស់ដែលមិនពាក់ព័ន្ធ និងមិនមែនជាការពិត យកមកប្រមាថកាតទានគេបែបនេះ គឺជាការបំផ្លើស មួលបង្កាច់ និងជាចេតនាបរិហារកេរ្ដិ៍ជាសាធារណៈ ដែលច្បាប់បញ្ញត្តិឱ្យផ្ដន្ទាទោសក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

តាមពិតទៅ រឿងចម្រូងចម្រាស់ទិញគ្រឿងអលង្ការ នៅហាង វី លីណា គ្រាន់តែជាការយល់ច្រឡំពាក្យសម្ដីនៃការចរចាគ្នារវាងអ្នកទិញ និងអ្នកលក់ប៉ុណ្ណោះ ហើយត្រូវបានផ្សះផ្សាឱ្យសះជានឹងគ្នា បិទបញ្ចប់សំណុំរឿងរួចរាល់អស់ទៅហើយ ដោយភាគីទាំងសងខាងមានតម្កល់កិច្ចព្រមព្រៀងសះជា បញ្ចប់វិវាទ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ , ដូច្នេះ តើហេតុអ្វី បានជាពួកបរិវាររបស់ក្រុមហ៊ុនសម្រស់ធារ៉ា រួមទាំងលោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ធ្វើការអុជអាល ចែករំលែកព័ត៌មាន​ទាំងងងឹតងងុលដូច្នេះទៅវិញ? ការចែករំលែកព័ត៌មានរបស់ក្រុមខាងលើនេះ គឺមានចេតនាទុច្ចរិត មួលបង្កាច់ បរិហារកេរ្តិ៍ ធ្វើឱ្យមានការរើសអើង បង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់ម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ យ៉ាងធ្ងន់ធ្ងរ , លោកស្រី វី ស្រីពៅ លោកស្រី គឺជា រដ្ឋលេខាធិការមួយរូប គួរប្រកាន់ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយនីតិសម្បទាត្រឹមត្រូវ មិនគួរមានឥរិយាបថ ចូលរួម គប់គិត ជាមួយក្រុមហ៊ុនល្មើសច្បាប់សម្រស់ធារ៉ានោះទេ។

តម្រុយមួយទៀតរបស់ លោកស្រី វី ស្រីពៅ ដែលស្ដែងឱ្យឃើញថា ចូលរួម គប់គិត និងកាងដល់ក្រុមហ៊ុនសម្រស់ធារ៉ានោះ គឺនៅត្រង់ថា កន្លងមកអង្គភាពសារព័ត៌មាន CEN ធ្លាប់ផ្សព្វផ្សាយថា រាល់បទល្មើសរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ដែលកំពុងធ្វើសកម្មភាពនេះ គឺមានលោកស្រីរដ្ឋលេខាធិការម្នាក់ កាង និងធ្វើជាខ្នងបង្អែកនោះ ក៏ស្រាប់តែ  លោកស្រី វី ស្រីពៅ បានបង្ហោះសារនៅលើ អាខោន facebook របស់ខ្លួនថា ” ម្ចាស់ផលិតផលសម្រស់ធារ៉ា ជាមិត្តរបស់ខ្ញុំច្រើនឆ្នាំហើយ រីឯទូតសុច្ឆន្ទៈសម្រស់ធារ៉ា គឺជាបងស្រីធម៌របស់ខ្ញុំជាច្រើនឆ្នាំមកហើយដែរ, ខ្ញុំពិតជារីករាយឃើញអ្នកទាំងពីរសហការជាមួយគ្នា ដូច្នេះទោះខ្ញុំទើបត្រឡប់មកពីបេសកកម្មនៅខេត្តមណ្ឌលគិរីទាំងយប់ ក៏ខ្ញុំឆ្លៀតចូលរួមអបអរសាទរអ្នកទាំងពីរជាទីស្រឡាញ់រាប់អាន…” ។

ការនិយាយបំផ្លើស មួលបង្កាច់ បរិហារកេរ្ដិ៍ជាសាធារណៈ មកលើម្ចាស់ហាងគ្រឿងអលង្ការដូចបានរៀបរាប់ពីខាងលើនេះ គឺស្ដែងឱ្យឃើញច្បាស់ថា លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាអ្នកប្រកបវិជ្ជាជីវៈមេធាវីផងនោះ ពិតជាមានឥរិយាបថចូលរួម គប់គិត កាងចំពោះសកម្មភាពល្មើសច្បាប់របស់ក្រុមហ៊ុនសម្រស់ធារ៉ា ដែលធ្វើឱ្យបាត់បង់តម្លៃនៃមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមានវិសមិតភាពជាមួយនឹងមុខងារសាធារណៈយ៉ាងខ្លាំងក្លា។

យោងតាមច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី មាត្រា ៥៣ បានចែងថា វិជ្ជាជីវៈមេធាវីមានវិសមិតភាពជាមួយនឹងមុខងារសាធារណៈ និងការប្រកបមុខរបរពាណិជ្ជកម្ម ទោះការប្រកបនោះដោយប្រយោលក្តី ឬដោយផ្ទាល់ក្តី។ មាត្រា ៥៤ នៃច្បាប់ដដែលនេះ បានចែងថា មេធាវីដែលបានទទួលតួនាទីក្នុងរាជរដ្ឋាភិបាល ឬទទួលអាណត្តិជាអ្នកតំណាងរាស្ត្រនៃរដ្ឋសភា អាចនៅជាសមាជិកនៃគណៈមេធាវីបាន ប៉ុន្តែត្រូវឈប់ប្រកបវិជ្ជាជីវៈនេះរហូតដល់ចប់តួនាទី ឬអាណត្តិនោះ។ ចំណែកច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣៥ បានចែងថា :  ត្រូវហាមឃាត់ដាច់ខាតដល់អ្នករាជការនូវប្រការខាងក្រោម ÷

១- យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត។
២- យកឥទ្ធិពល និងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើ ដើម្បីទាញយកផលប្រយោជន៍អ្វីមួយ ឬដើម្បីសម្លុត គំរាមកំហែង បំពានសិទ្ធិរបស់ពលរដ្ឋ។
៣- ប្រកបមុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរនៃអ្នករាជការ។
៤- ចូលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬដោយប្រយោល។
៥- បោះពុម្ពផ្សាយ ឬធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលមានពាក់ព័ន្ធនៅក្នុងមុខងារក្រសួង ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័ន ដែលសាមីខ្លួននៅក្រោមឱវាទ។ 
៦- ប្រកបមុខរបរបន្ថែមត្រួតលើមុខងាររបស់ខ្លួនជាអ្នករាជការ ក្នុងករណីដែលលក្ខន្តិកៈដោយឡែក នៃអង្គនីមួយៗហាមឃាត់។

  • អំពើបំពាននឹងបទប្បញ្ញត្តិនៃមាត្រានេះ អាចបណ្ដាលឱ្យទទួលទណ្ឌកម្មផ្នែកវិន័យណាមួយ ដែលមានចែងក្នុងមាត្រា ៤០ នៃច្បាប់នេះ ដោយមិនទាន់គិតដល់ការចោទប្រកាន់ជាបទអាជ្ញា ដែលអាចកើតមានឡើងទៀតផង។

លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ទទួលបន្ទុកផ្សព្វផ្សាយការងារច្បាប់ តើឱ្យផ្សព្វផ្សាយច្បាប់ បង្រៀនច្បាប់បម្រើប្រជាពលរដ្ឋបានដូចម្ដេចទៅ បើសូម្បីតែខ្លួនលោកស្រីផ្ទាល់ ក៏មិនយល់អំពីវិជ្ជាជីវៈមេធាវី មានវិសមិតភាពជាមួយមុខងារសាធារណ:ផងនោះ និងអនុវត្តការងារផ្ទុយពីច្បាប់ដែលមានចែងខាងលើនេះ ដូច្នេះសូមស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា , ក្រសួងអធិការកិច្ច , ក្រសួងមុខងារសាធារណៈ , អង្គភាពប្រឆាំងអំពើពុករលួយ , ក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាល សូមមេត្តាជួយពិនិត្យមើល ទង្វើ និងនីតិសម្បទា វិជ្ជាជីវៈការងាររបស់ លោកស្រី វី ស្រីពៅ ដែលកំពុងប្រកបវិជ្ជាជីវៈជាមេធាវីផង និងយកមុខងារ ឋានៈ តួនាទីរដ្ឋ ទៅគប់គិតបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនល្មើសច្បាប់សម្រស់ធារ៉ាផង៕ រក្សាសិទ្ធដោយៈ៖ ពិសិដ្ឋ CEN 

×