ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២៤ ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី បានកើនឡើងដល់ ២១ទីតាំង ជាមួយនឹងទូបញ្ចូលថាមពលអគ្គិសនីសរុបចំនួន ២៧ ទូ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឲ្យក្រសួងរ៉ែ និងថាមពល បង្កើតស្ថានីយ៍បញ្ចូលអគ្គិសនីទាំងរដ្ឋ និងឯកជន ឱ្យបានច្រើនកន្លែងនៅទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។
ក្នុងកម្មវិធីផ្សព្វផ្សាយជាផ្លូវការនៃសេចក្តីព្រាងផែនទីបង្ហាញផ្លូវបឋមនៃការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជំរុញឱ្យលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងបង្កើតស្ថានីយបញ្ចូលអគ្គិសនីទាំងរដ្ឋ និងឯកជន ឱ្យបានច្រើនកន្លែងនៅទូទាំងប្រទេស ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរុញបែបនេះ ខណៈបច្ចុប្បន្នវិស័យដឹកជញ្ជូននៅកម្ពុជា ភាគច្រើនបំផុតប្រើតែម៉ាស៊ុត, សាំង និងហ្គាស ដែលបានបំពុលទៅដល់បរិស្ថាន និងចំណាយថ្លៃខ្ពស់។
ឯកឧត្តម កែវ រតនៈ លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញការលើកកម្ពស់នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ដោយសារតែការលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនេះ គឺមានប្រយោជន៍ពីរសម្រាប់កម្ពុជា គឺបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។
រាជរដ្ឋាភិបាល បានទម្លាក់ពន្ធនាំចូលរថយន្តអគ្គិសនីចំនួន ៥០ភាគរយ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែច្រើន សំដៅកាត់បន្ថយការបំពុលបរិស្ថាននៃឧស្ម័នកាបូនឌីអុកស៊ីត ដែលបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ខណៈការនាំចូលយានយន្តដើរដោយប្រេងឥន្ធនៈ តម្រូវឱ្យបង់ពន្ធនាំចូលរហូតដល់១២០ភាគរយ។
សូមបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២៩៦៨គ្រឿង ក្នុងនោះ រួមមាន រថយន្តអគ្គិសនីចំនួន ១៦១៤គ្រឿង ទោចក្រយានយន្ត (ម៉ូតូអគ្គិសនី)ចំនួន ៩១៤គ្រឿង និងត្រីចក្រយានយន្ត(ម៉ូតូកង់បីអគ្គិសនី) ចំនួន ៤៤០គ្រឿង៕