Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអភិវឌ្ឍន៍អាស៊ី ADB អនុម័តហិរញ្ញប្បទានជាង ៩៣លានដុល្លារ គាំទ្រការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាននៅតំបន់ជនបទនៃប្រទេសកម្ពុជា

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារនេះ បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦លានដុល្លារអាមេរិក ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅទីជនបទសម្រាប់ ៨៨.០០០ គ្រួសារ ក្នុងភូមិចំនួន ៤០០ នៃឃុំចំនួន ៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។

កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាននៅតំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបានជាសកលនូវការផ្គត់ផ្គង់ទឹក និងសម្ភារអនាម័យ ដែលមានការគ្រប់គ្រងប្រ កបដោយសុវត្ថិភាពនៅតំបន់ជនបទ និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានគ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។

កម្មវិធីនេះ នឹងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខា WASH តាមរយៈការបន្ថែមគំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុងការធ្វើផែនការ ការរចនា និងការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និងការធ្វើវិមជ្ឈការមុខងារ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។

បើតាមលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីនេះគាំទ្រ WASH ដើម្បីទាំងអស់គ្នា ដោយផ្តល់អាទិភាពដល់ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។ វាមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ WASH ដែលគ្រប់គ្រងដោយសហគមន៍ និង ពង្រីកវិសាលភាពការធ្វើផែនការរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ។”

ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាដៃគូយូរអង្វែងក្នុងការជួយដល់វិស័យផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យរបស់ប្រទេសកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៥ មក។ ប្រជាពលរដ្ឋជាង ១លាននាក់ ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប បានទទួលអត្ថប្រយោជន៍ពីសេវា WASH ដែលគាំទ្រដោយ ADB រួចហើយ។

កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាននៅតំបន់ជនបទ រួមបញ្ចូលជំនួយឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទ ដែលប្រឈមមុខខ្លាំង នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ កម្មវិធីនេះ នឹងផ្តោតសំខាន់លើការជួយដល់ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ២៩% នៅទូទាំងប្រទេស  និង ២0% ក្នុងតំបន់ជនបទ ខណៈដែលលទ្ធភាពទទួលបានអនាម័យមូលដ្ឋាន ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ៣៧% នៅទូទាំងប្រទេស និង ៣៤% នៅ តំបន់ជនបទ។ ការបន្ទោរបង់ពាសវាលពាសកាល ត្រូវបានអនុវត្តដោយអ្នករស់នៅតាមតំបន់ជនបទប្រហែល ២ លាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និង រួមចំណែកបង្កជំងឺ ឆ្លងតាមរយៈទឹក៕

×