Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិខ្មែរ-ថៃ ៤នាក់ ទៅសាលាដំបូង ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ ÷ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីសន្តិសុខថា មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង០១ និង៣០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះទៅដល់កន្លែងកេីតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ១.ឈ្មោះ ថាណាផន ថងខាំ ហៅ នីវ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិថៃ, ២-ឈ្មោះ សុវ៉ាត់ ណាក់កងឌី ហៅ ប៊យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ, ៣-ឈ្មោះ សេង ភ័ក្រ ហៅ ក្តី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ ខៀវ ខាវ ហៅ ប៊ួខាវ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៧ថង់កិប ស្មើនឹង ៧០គ្រាប់ ទម្ងន់ ៨,០៧ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០២គ្រឿង, កាបូបស្ពាយ ចំនួន០១ រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីចាត់ការតាមនីតិវិធី។

  លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ 

   ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

  លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

 បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×