Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ឯកភាពផ្តល់ឥណទានប្រមាណ៥៥ដុល្លារ ដើម្បី​​រួមចំណែកពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី​នៅភ្នំពេញ

ភ្នំពេញ៖ ជប៉ុន បានឯកភាពផ្តល់ឥណទាន ចំនួន 7,៩៨ ពាន់លាន JPY (ប្រហែល ៥៥ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងកែលម្អ និងធ្វើទំនើបកម្មបណ្តាញអគ្គិសនីក្នុងរាជធានីភ្នំពេញ។

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានឲ្យដឹងថា គោលបំណងនៃគម្រោងថាមពល គឺដើម្បីបង្កើនស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងរាជធានីភ្នំពេញ ដោយផ្តល់នូវអនុស្ថានីយថ្មី បណ្តាញបញ្ជូន បណ្តាញចែកចាយ និងសម្ភារៈបរិក្ខារពាក់ព័ន្ធ និងការស្តារឡើងវិញនូវអនុស្ថានីយដែលមានស្រាប់ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្រាប់ការអនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២) (វគ្គទីIII) ដាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា គម្រោងនេះ មានគោលបំណងរួមចំណែកពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងរាជធានីភ្នំពេញ តាមរយៈការសាងសង់អនុស្ថានីយ បណ្ដាញបញ្ជូន បណ្ដាញចែកចាយ និងសម្ភារៈបរិក្ខារពាក់ព័ន្ធថ្មីៗ។

លោក បានបន្តថា “គម្រោងនេះបានអនុវត្តតាំងពីឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តបញ្ចេញឥណទានបន្ថែម ដើម្បីផ្តល់មូលទុនចាំបាច់សម្រាប់ការអនុវត្តគម្រោង” ។

លោក បានបន្ថែមថា គម្រោងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅទី៧នៃការអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាឱ្យប្រជាជនទាំងអស់ទទួលបានថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន និរន្តរភាព និងទំនើប។ ការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាពមានសារសំខាន់សម្រាប់អាជីវកម្ម និងក្រុមហ៊ុនសម្រាប់ប្រតិបត្តិការរបស់ពួកគេ។

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ការមានបណ្តាញបញ្ជូន និងចែកចាយថាមពលដ៏រឹងមាំនៅក្នុងទីក្រុងភ្នំពេញ នឹងជួយកម្ពុជាក្នុងការទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើន និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសបន្ថែមទៀត”។

រដ្ឋាភិបាលជប៉ុន បានបង្កើតវិធីសាស្រ្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗចំនួនបី គ្របដណ្តប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម រួមទាំងទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ព្រមទាំងសន្តិសុខឌីជីថល និងអ៊ីនធឺណិត រួមទាំងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀតនៅក្នុងរដ្ឋធានីភ្នំពេញ។

យោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់ឆ្នាំ២០២៣ ជប៉ុន ក៏ជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំជាងគេទីបួននៅកម្ពុជា បន្ទាប់ពីប្រទេសចិន កូរ៉េ និងកាណាដា។ ដោយឡែកទិន្នន័យ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កម្ពុជា មានបំណុលសាធារណៈដល់ទៅ ១,២១ ពាន់លានដុល្លារ ដោយជប៉ុនមាន ១១ ភាគរយនៃបំណុលសាធារណៈសរុប បន្ទាប់មកប្រទេសចិនមានចំនួន ៣,៩ ពាន់លានដុល្លារ ឬ ៣៦ ភាគរយនៃបំណុលបរទេសសរុបរបស់កម្ពុជា៕

×