រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសេចក្តីប្រកាសព័ត៌មានថាក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៤៦គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង១,២ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះ រួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
- គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម៨០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន៦៨៣កន្លែង
- គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន១.០៥៣កន្លែង
- គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម ដោយកែច្នៃផលិតផលពាក់កណ្តាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនទៅជាផលិតផលសម្រេច Bovine Collagen Peptide, Fish Collagen Peptide, Pea Protein Peptide, Rice Protein Peptide, Pea Protein ដែលមានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែម២៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ២០០កន្លែង
- គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រ កែច្នៃ ផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុក ដំណាក់បង្អើរ ខេត្តកែប ក្នុងទុនវិនិយោគប្រមាណជាង២៥លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន២៧១កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
- គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិលដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន៨០លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន៧៧៥កន្លែង
- គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ កិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ៤៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន១.៩៥៩កន្លែង
- គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ- កិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ១.៥០០កន្លែង
- គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុលដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង៤០លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួន៨៣កន្លែង។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែសីហា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែក៨៤,៧២% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់៩,១២% នៃទុនវិនិយោគសរុប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




