ខេត្តកំពង់ចាម: “មកដល់ពេលនេះសភាពការណ៍មានសភាពស្ងប់ស្ងាត់ទោះជាយ៉ាងនេះក៏ដោយ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មិនត្រូវព្រងើយកន្តើយនោះទេ ធ្វើយ៉ាងណាបន្តយកចិត្តទុកដាក់ដើម្បីតាមដានដល់មូលដ្ឋានក្រែងមានក្រុមឱកាសនិយមបង្ករសកម្មភាពអសន្តិសុខសង្គមព្រោះក្រុមនេះចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា” នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមប្រាក់ សំអឿន រដ្ឋលេខាធិការតំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តកំពង់ចាម ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
នាពេលកន្លងទៅគឺមានការប្រជុំមួយនៅសាលាខេត្ត ដោយអញ្ជើញមេឃុំ ប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍ មេឃុំចៅសង្កាត់ទាំង១០៩ឃុំ-សង្កាត់ ក្នុងចលនាប្រឡងប្រណាំងឃុំឬសង្កាត់ដែលផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាមរយៈការងាររដ្ឋបាលបានរកឃើញឃុំដែលជាប់ចំណាត់ថ្នាក់លេខ ១មានចំនួន៥ឃុំ ចំណាត់ថ្នាក់លេខ២ មាន៥ឃុំ ចំណាត់ថ្នាក់លេខ៣ មាន៥ ឃុំ សរុបទាំងអស់មានចំនួន១៥ឃុំ។ហើយសម្រាប់ឃុំដែលទទួលចំណាត់ថ្នាក់ជ័យលាភីលេខ១ទទួលបានថវិកាឧបត្ថម្ភចំនួន១០០លានរៀល
វិធីប្រគល់នេះនឹងធ្វើឡើងនៅក្នុងពេលសន្និបាតខាងមុខក្រោមអធិបតីឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន
ជាអ្នកផ្ដល់រង្វាន់។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបន្តឲ្យដឹងទៀតថា សម្រាប់ឃុំដែលទទួលបានចំណាត់ថ្នាក់លេខ១ដល់លេខ៣ គឺជាការបង្ហាញការផ្ដល់សេវាល្អជូនដល់ពលរដ្ឋ។ដូច្នេះពួកគាត់នឹងនាំគ្នាបោះឆ្នោតជូនដល់មេឃុំ ដែលជាប់ឆ្នោតឲ្យបន្តដំណែងជាមេឃុំ នាអាណត្តិក្រោយទៀត។ សូមបញ្ជាក់ថាលោកផេនសុផល ពីមុនជាអតីតអភិបាលស្រុកកោះសូទិន ក្រោយមកបានផ្លាស់ទៅកាន់តំណែងជាអភិបាលស្រុកបាធាយ ដោយសារតែរូបលោកមានចំណេះដឹងនិងជំនាញនោះ ទើបថ្នាក់ដឹកនាំខេត្តបានសម្រេចធ្វើលិខិតស្នើសុំទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីដំឡើងជាអភិបាលរងខេត្តកំពង់ចាម ជំនួសលោកចាន់ ផល្លី អភិបាលរងខេត្តដែលកាន់តំណែងបានជាងពីរឆ្នាំត្រូវចូលនិវត្តន៍។
ឯកឧត្តមប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍លើកឡើងឲ្យដឹងដែរថា រូបលោកសូមសម្ដែងនូវការអបអរសាទរចំពោះការតែងតាំងលោកអភិបាលរងខេត្តថ្មី។នាពេលនេះ ដូច្នេះត្រូវតែខិតខំបំពេញការងាររបស់ខ្លួនបម្រើជូនដល់ប្រជាពលរដ្ឋឲ្យបានល្អនិងរីកចម្រើន។ស្របពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណិតនោះ។នៅក្នុងឆ្នាំ២០៣០ដល់ឆ្នាំ២០៥០ ចំពោះប្រាក់ចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋក្នុងម្នាក់គឺមានចំនួន១២០០០$ ចាប់ពីពេលនេះយើងត្រូវតែបន្តយកចិត្តទុកដាក់ខិតខំពង្រឹងខឿនសេដ្ឋកិច្ច ឲ្យកាន់តែរីកចម្រើនពិសេសគឺការទាក់ទាញអ្នកវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនឡើង។
ឯកឧត្តមប្រាក់ សំអឿន មានប្រសាសន៍រំលឹកថានៅក្នុងឆ្នាំ២០២៤ នេះស្ថានភាពពិភពលោកបានកើតឡើងជាបន្តបន្ទាប់ដោយប្រទេសកម្ពុជាបានឆ្លងកាត់នូវវិបត្តិជំងឺ covid 19 សង្គ្រាមបានកើតឡើងរវាងរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលបានបង្កផលប៉ះពាល់ដល់វិបត្តិសេដ្ឋកិច្ចសាកល ក្នុងនោះកម្ពុជាក៏បានទទួលរងផលប៉ះពាល់ផងដែរ។
កន្លងមកនៅថ្ងៃទី១៨សីហា ឆ្នាំ២០២៤ ក្រុមប្រឆាំងបានប៉ុនប៉ងផ្ដួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តែផែនការនេះត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោសែន សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានទប់ស្កាត់ទាន់ពេលវេលា។ក្រុមជ្រុលនិយមបានយកលេសគម្រោងអភិវឌ្ឍន៍CLV ក្នុងនោះដែលមាន កម្ពុជាវៀតណាម ឡាវ មកបញ្ជ្រាបក្នុងស្រទាប់យុវជន ដើម្បីក្នុងចេតនាផ្ដួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។បើតាមដែលលោកសិក្សាក៏ដូចជាអានព័ត៌មានតំបន់CLV បែបនេះកុំមានដូចជានៅថៃ ម៉ាឡេស៊ីនិងសាំងហ្គាពួរដែលគេរួមគ្នាអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិប្រទេសនីមួយៗ ឱ្យមានការរីកចម្រើន
ចំណែកនៅកម្ពុជាក៏ដូច្នោះដែរ គឺមិនមានប្រទេសណាមួយរំលោភអធិបតេយ្យភាពលើប្រទេសផ្សេងនោះទេ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី
















