ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាកាលពីរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបនោះ សមភាគីទាំងពីរបានជជែកពីផ្លែផ្កានៃកិច្ចសហការកន្លងមកដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរតាមរយៈស្ថាប័នជំនាញបានអនុវត្ត និងសម្រេចបាន។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យជោគជ័យដើម្បីផ្តល់ផលប្រយោជន៍ និងផ្លែផ្កាជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរបស់ប្រទេសទាំងពីរដែលបានបង្កើតឱកាសឱ្យមានកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានជួយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងទីផ្សារ។
ដោយឡែកលោកជំទាវឯកអគ្គរដ្ឋទូតវិញ បានថ្លែងកោតសរសើរពីការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដែលបានដឹកនាំកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។
ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួយសម្របសម្រួលដល់ពលរដ្ឋហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា៕