ខេត្តកំពង់ចាម: “ដោយឃើញភូមិសាស្ត្រអំណោយផលល្អអ្នកវិនិយោគទុនគ្រោងនិងសាងសង់រោងចក្រនៅលើផ្ទៃដីទំហំ ៣០ទៅ៤០ហិកតា សម្រាប់ផលិតគ្រឿងបន្លាស់រថយន្តម៉ាកតូយូតានិងផែស្ងួតសម្រាប់ចែកចាយទំនិញដឹកពីផ្លូវគោកតាមផ្លូវទឹកពីចំណុចកំពង់ផែទន្លេបិទ ដោយចំណាយទុនតិចតាមព្រែកជីកហ្វូណន ទៅកាន់ទីផ្សារបរទេស”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសប្រកាសចូលកាន់តំណែងអភិបាលស្រុកជើងព្រៃនារសៀលថ្ងៃទី១១កញ្ញា ឆ្នាំ២០២៤ ដោយធ្វើឡើងនៅសាលប្រជុំសាលាស្រុកជើងព្រៃ។
ឯកឧត្តមអ៊ុន ចាន់ដា មានប្រសាសន៍លើកឡើងថា: លោកស៊ីម គង់ ជាអភិបាលស្រុកស្រីសន្ធរ ដែលបានកាន់តំណែងចំនួនពីរអាណត្តិស្មើ៨ ឆ្នាំដោយឃើញមានការងារល្អក៏បានធ្វើលិខិតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ហើយតាមរយៈអនុក្រឹត្យឲ្យ ឱ្យមកកាន់តំណែងជាអភិបាលស្រុកជើងព្រៃ ជំនួសលោកអូត ឈាងលី ត្រូវទៅកាន់តំណែងជាអភិបាលស្រុកបាធាយ។ ជាមួយនោះក៏មានស្នារដៃជាច្រើនបានបន្សល់ទុកដែលតម្រូវឲ្យអភិបាលស្រុកថ្មី ចូលកាន់តំណែងនេះត្រូវរៀនសូត្រយកគំរូតាមធ្វើយ៉ាងណាប្រឹងប្រែងអភិវឌ្ឍន៍ឲ្យស្រុកមានការរីកចម្រើន។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា សម្រាប់អភិបាលរងស្រុកដែលមានចំណេះដឹងហើយពុំទាន់មានឱកាសឡើងជាអភិបាលស្រុក ដោយធ្វើយ៉ាងណាត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ ហើយគង់តែមានឱកាសនិងក្លាយជាអភិបាលស្រុក។ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម បានប្រមើលមើលពីខឿនសេដ្ឋកិច្ចក្នុងឆ្នាំ២០៣០ ធ្វើយ៉ាងណាឱ្យប្រាក់ចំណូលបានកើនឡើងក្នុងរង្វង់៣ពាន់លានដុល្លារ ដែលទាមទារឲ្យមានការទាក់ទាញដៃគូវិនិយោគទុនមកបណ្ដាក់ទុន កាន់តែច្រើនឡើងនៅក្នុងខេត្តកំពង់ចាម។បើក្រឡេកមើលពីអតីតកាលប្រជាពលរដ្ឋនៅស្រុកជើងព្រៃពីមុនមានជីវភាពលំបាកតែក្រោយរោងចក្របានបង្កើតឡើងជាច្រើនតាមរយៈកូនចៅរបស់ពួកគាត់បម្រើការងារតាមរោងចក្រ បានធ្វើឲ្យជីវភាពនាបច្ចុប្បន្នប្រសើរឡើងជាងអ្នកនៅបាធាយនិងព្រៃឈរទៀត។បើគិតពីប្រាក់ខែរបស់កម្មករកម្មការិនីចំនួន២០ រោងចក្រ ក្នុងរយៈពេលមួយឆ្នាំគឺពួកគាត់ទទួលបានប្រាក់ខែរហូតដល់៩០លានដុល្លារឯណោះ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា សូមសរសើរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំង១០ស្រុកក្រុងក្នុងខេត្តកំពង់ចាម បានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងជ្រោះជ្រាបច្បាស់ពីគម្រោងបង្កើតCLV ចំនួន៤ខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមនិងឡាវគឺបានផ្ដល់អត្ថប្រយោជន៍លើកកម្ពស់ខឿនសេដ្ឋកិច្ចប្រទេសទាំងបីឲ្យមានការរីកចម្រើន។ កាលពីថ្ងៃទី១៨សីហាឆ្នាំ ២០២៤កន្លងទៅ ដែលក្រុមប្រឆាំងប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌គឺមិនមានអ្នកកំពង់ចាមណាម្នាក់ទៅចូលរួមបាតុកម្ម ដោយខុសច្បាប់នោះទេ។ មួយវិញទៀតលោកអភិបាលស្រុកដែលតែងតាំងថ្មីត្រូវតែបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាព ក្នុងនោះត្រូវលុបបំបាត់ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ហើយអាជ្ញាធរត្រូវតែចលនាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីឲ្យពួកគាត់រួមចំណែកបរិច្ចាកថវិកាធ្វើឡើងតាមការស្ម័គ្រចិត្ត ដើម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឡាវ វៀតណាមនិងថៃ ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី















