Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈមេធាវីព្យួរការប្រកបវិជ្ជាជីវៈមេធាវី លើ លោកស្រី វី ស្រីពៅ ក្រោយលោកស្រីរូបនេះ មានរឿងអាស្រូវ និងពាក់ព័ន្ធក្រុមហ៊ុនសម្រស់ធារ៉ា

ភ្នំពេញ ៖ ពុតត្បុតរបស់ លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច កាន់តែលេចចេញច្បាស់ក្រឡែតហើយ ពាក់ព័ន្ធនឹងវីសមិតភាពការងារមេធាវីរបស់លោកស្រីទៅនឹងការងាររដ្ឋ ព្រោះមុននេះ លោកស្រីលួចលាក់ប្រកបវិជ្ជាជីវៈជាមេធាវីផង និងកាន់ការងាររដ្ឋ ជារដ្ឋលេខាធិការនៅក្រសួងអធិការកិច្ចផង, ការប្រកបវិជ្ជាជីវៈមេធាវីដែលលោកស្រីលួចប្រព្រឹត្តជាមួយស្វាមីឈ្មោះ ពិត សុខណែន នោះ គឺការិយាល័យមេធាវីអាស៊ីអាគ្នេយ៍ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែឥឡូវឃើញថា មានការកែប្រែវិញហើយ បន្ទាប់ពី CEN ផ្សព្វផ្សាយធ្វើឱ្យបែករឿងស្ដីពីវិវិសមិតភាពការងារនេះរបស់ លោកស្រី វី ស្រីពៅ ដោយថ្មីៗនេះ CEN បានទទួលការផ្ដល់ដំណឹងពីគណៈមេធាវីមកថា ពេលនេះគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើចំណាត់ការទៅលើការប្រកបវិជ្ជាជីវៈរបស់ លោកស្រី វី ស្រីពៅ ហើយ គឺតម្រូវឱ្យផ្អាកការងារវិជ្ជាជីវៈមេធាវីលើបុគ្គលនេះតែម្ដង។

តទៅនេះ CEN សូមអរគុណចំពោះចំណាត់ការរបស់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជម្រះឱ្យអស់មន្ទិលត្រូវសង្ស័យ ក៏ដូចលាងជម្រះមន្ត្រីខិលខូចដូច លោកស្រី វី ស្រីពៅ នេះជាដើម ដើម្បីពង្រឹងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី និងនីតិរដ្ឋនៅកម្ពុជា, បើមិនដូច្នេះទេ លោកស្រីដែលសំបូរពុតត្បុតមួយនេះ និងប្រើប្រាស់តួនាទីការងាររដ្ឋ ជារដ្ឋលេខាធិការនៃក្រសួងអធិការកិច្ច ទៅកកូរកកាយ ក្អេងក្អាង អ៊ុងអាត់លើសំណុំរឿងផ្សេងៗរបស់អតិថិជន ដែលពឹងពាក់មេធាវីឱ្យការពារក្ដីជាមិនខាន។ នេះ CEN និយាយត្រឹមការលូកលាន់នៃវិជ្ជាជីវៈមេធាវីប៉ុណ្ណោះ នៅមានតួនាទីមុខងារសាធារណៈ ដែលសាធារណជន មើលឃើញច្បាស់ថា លោកស្រី វី ស្រីពៅ ជារដ្ឋលេខាធិការនៃក្រសួងអធិការកិច្ច បានបញ្ជ្រាបខ្លួន ទៅទាក់ទងជាមួយក្រុមហ៊ុនសម្រស់ធារ៉ា ដែលជាក្រុមហ៊ុនចែកចាយផលិតផលគ្រឿងសម្អាងគ្រឿងក្រអូប ម្សៅ ឡេ លាបខ្លួន និងលាបមុខ កំពុងត្រូវបានសមត្ថកិច្ចតាមប្រមាញ់ពីបទល្មើសគ្មានបទដ្ឋានគតិយុត្ត និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយលោកស្រីរូបនេះជ្រកក្រោមពាក្យ ឬប្រើពាក្យថា ជាមិត្តរាប់អានគ្នាច្រើនឆ្នាំ។ 

បានជាសាធារណជន មើលឃើញច្បាស់ថាលោកស្រី វី ស្រីពៅ យកមុខងារសាធារណៈតួនាទី ឋាន: ជារដ្ឋលេខាធិការក្រសួងអធិការកិច្ច ទៅកាងឱ្យក្រុមហ៊ុនសម្រស់ធារ៉ាដែលជាក្រុមហ៊ុនប្រឡាំប្រកូវ ល្មើសច្បាប់មួយនោះ គឺដោយសារថា បន្ទាប់ពី CEN បានផ្សាយអំពីភាពល្មើសច្បាប់ ល្មើសបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ស្រាប់តែលោកស្រី វី ស្រីពៅ រូបនេះ បានបញ្ចេញឥរិយាបថចូលយ៉ាងកៀកជាមួយនឹង លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ដោយសន្យាប្ដូរផ្ដាច់នឹងគ្នា ការពារគ្នា តាមរូបភាពជាមិត្តច្រើនឆ្នាំ, តួយ៉ាងដូចជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពី CEN បានផ្សាយស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទៅលើក្រុមហ៊ុនសម្រស់ធារ៉ា ដែលកំពុងធ្វើសកម្មភាពចែកចាយផលិតផល ម្សៅលាបមុខ លាបខ្លួន ឡេលាបមុខ លាបខ្លួន ល្មើសនឹងបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសនោះ ស្រាប់តែលោកមេធាវី ពិត សុខណែន តំណាង និងការពារសិទ្ធិឱ្យក្រុមហ៊ុនសម្រស់ធារ៉ា, ហើយលោកមេធាវីរូបនេះក៏ជាស្វាមីរបស់ លោកស្រី វី ស្រីពៅ ដែលស្ថិតក្នុងការប្រកបវិជ្ជាជីវៈមេធាវីដែរនោះ ( មុននេះបន្តិច ) បានធ្វើលិខិតជូនដំណឹង ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដោយបញ្ជាឱ្យលុបព័ត៌មានចេញពីផេករបស់ CEN ទាំងអស់ ដែលផ្សព្វផ្សាយពាក់ព័ន្ធនឹងបទល្មើសរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ដោយដាក់កំណត់ក្នុងរយៈពេលមិនឱ្យលើសពី ២៤ ម៉ោង ផ្ទុយពីច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ១០ បានចែងថា ជនណាម្នាក់ ដែលយល់ថា អត្ថបទផ្សាយណាមួយ នៃសារព័ត៌មានណាមួយ ដែលមានលក្ខណៈខុសការពិត ធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន ជននោះ មានសិទ្ធិទាមទារឱ្យព័ត៌មាននោះ ធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយតប បំភ្លឺ ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ ទៅតាមអ្វីដែលជាការពិត និងភ្ជាប់មកជាមួយនូវឯកសារភស្តុតាងផងដែរ ដើម្បីបញ្ជាក់ពីការពិត, មានន័យថា មិនមានចំណុចណាមួយតម្រូវឱ្យមេធាវីមានសិទ្ធិបញ្ជាលុបព័ត៌មានចោលក្នុងរយៈពេល ២៤ ម៉ោង និងប្រើសិទ្ធិជាមេធាវីរំលោភបំពានសេរីភាពឯករាជ្យលើវិស័យសារព័ត៌មាននោះឡើយ។

មានការរៀបចំសេណារីយ៉ូ មួយទៀត គឺ គេបានដាក់ លោក សំ សេរីរ័ត្ន ដែលជាខ្សែញាក់របស់ លោកស្រី វី ស្រីពៅ ឬថាក្រោមបង្គាប់នោះ ឱ្យមកទាក់ទងសួររកថៅកែហាងគ្រឿងអលង្ការហុងស៊ុយ ប៉ុន្តែជួបក្រុមការងារ, ស្រាប់តែប៉ុន្មានម៉ោងក្រោយមក ក៏លេចចេញពួកបរិវាររបស់ក្រុមហ៊ុនសម្រស់ធារ៉ា ជាច្រើននាក់ បានចូលខុម្មិននៅលើផេក CEN ដោយប្រើពាក្យប្រមាថកាតទាន អុជអាល ទៅលើម្ចាស់ហាង គ្រឿងអលង្ការហុងស៊ុយមួយដែលគេមិនពាក់ព័ន្ធអ្វីសោះ យ៉ាងប្រសាច ដូចជា អាខោន ក្ដាមស្រែប្រែកាយ ប្រមាថថា ” អាងខ្លួនជាជំទាវ និងជាចាងហ្វាងព័ត៌មាន CEN នាំកូនស្រីទៅទិញគ្រឿងពេជ្រ នៅហាង វីលីណា ជំពាក់មិនឱ្យលុយគេ , ប្រឹងរកលុយសងថ្លៃពេជ្រគេសិនទៅ កុំគិតតែរឿងអត់ប្រយោជន៍ , អាខោន ក្ដាមស្រែប្រែកាយ និងអាខោន Oun Ying បានសតគ្រីន ចំណងជើងចាស់ៗរបស់សារព័ត៌មានមួយចំនួន ដែលផ្សាយតាំងពីដើមឆ្នាំ២០២៣ ថា ” ហួសចិត្ត ទិញគ្រឿងអលង្ការគេហើយ មិនឱ្យលុយ ជំពាក់គេជាង ១៨ ម៉ឺនដុល្លារ…។ ចំណែក អាខោន Heng Srey Ny បានប្រើពាក្យប្រមាថកាតទាន ម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយមួយ ថា ” CEN សងលុយថ្លៃគ្រឿងពេជ្រគេផង , CEN អគ្គនាយកសងលុយពេជ្រគេផង… ម៉េចចឹង ? , អត់លុយ ចូលហាងពេជ្រ ទិញតែអត់លុយឱ្យគេ…។ ពាក្យអសុរោះ និងការគាស់រំលើងរឿងចាស់ដែលមិនពាក់ព័ន្ធ និងមិនមែនជាការពិត យកមកប្រមាថកាតទានគេបែបនេះ គឺជាការបំផ្លើស មួលបង្កាច់ និងជាចេតនាបរិហារកេរ្ដិ៍ជាសាធារណៈ ដែលច្បាប់បញ្ញត្តិឱ្យផ្ដន្ទាទោសក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សំណួរសួរថា តើពួកបរិវារចែកចាយព័ត៌មានឱ្យក្រុមហ៊ុនសម្រស់ធារ៉ាទាំងនេះ ដឹងរឿងទិញគ្រឿងអលង្ការនេះ មកពីណា ? តើមិនមែនជាការរៀបចំសេណារីយ៉ូរបស់ថ្នាក់លើក្រុមហ៊ុនសម្រស់ធារ៉ា និងអ្នកពាក់ព័ន្ធចេញមុខកាងនោះទេឬ ?! 

ស្ដីពីលក្ខណ:សម្បត្តិរបស់លោកស្រី វី ស្រីពៅ និងសកម្មភាពវិញ គឺផ្ទុយពិច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី និងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា រួមមាន : យោងតាមច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី មាត្រា ៥៣ បានចែងថា វិជ្ជាជីវៈមេធាវីមានវិសមិតភាពជាមួយនឹងមុខងារសាធារណៈ និងការប្រកបមុខរបរពាណិជ្ជកម្ម ទោះការប្រកបនោះដោយប្រយោលក្តី ឬដោយផ្ទាល់ក្តី។ មាត្រា ៥៤ នៃច្បាប់ដដែលនេះ បានចែងថា មេធាវីដែលបានទទួលតួនាទីក្នុងរាជរដ្ឋាភិបាល ឬទទួលអាណត្តិជាអ្នកតំណាងរាស្ត្រនៃរដ្ឋសភា អាចនៅជាសមាជិកនៃគណៈមេធាវីបាន ប៉ុន្តែត្រូវឈប់ប្រកបវិជ្ជាជីវៈនេះរហូតដល់ចប់តួនាទី ឬអាណត្តិនោះ។

ចំណែកច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣៥ បានចែងថា :  ត្រូវហាមឃាត់ដាច់ខាតដល់អ្នករាជការនូវប្រការខាងក្រោម ÷

១- យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត។
២- យកឥទ្ធិពល និងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើ ដើម្បីទាញយកផលប្រយោជន៍អ្វីមួយ ឬដើម្បីសម្លុត គំរាមកំហែង បំពានសិទ្ធិរបស់ពលរដ្ឋ។
៣- ប្រកបមុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរនៃអ្នករាជការ។
៤- ចូលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬដោយប្រយោល។
៥- បោះពុម្ពផ្សាយ ឬធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលមានពាក់ព័ន្ធនៅក្នុងមុខងារក្រសួង ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័ន ដែលសាមីខ្លួននៅក្រោមឱវាទ។ 
៦- ប្រកបមុខរបរបន្ថែមត្រួតលើមុខងាររបស់ខ្លួនជាអ្នករាជការ ក្នុងករណីដែលលក្ខន្តិកៈដោយឡែក នៃអង្គនីមួយៗហាមឃាត់។

  • អំពើបំពាននឹងបទប្បញ្ញត្តិនៃមាត្រានេះ អាចបណ្ដាលឱ្យទទួលទណ្ឌកម្មផ្នែកវិន័យណាមួយ ដែលមានចែងក្នុងមាត្រា ៤០ នៃច្បាប់នេះ ដោយមិនទាន់គិតដល់ការចោទប្រកាន់ជាបទអាជ្ញា ដែលអាចកើតមានឡើងទៀតផង។
    ដូច្នេះ ការណ៍ដែលគណៈមេធាវី មានវិធានការទៅលើ លោកស្រី វី ស្រីពៅ ត្រូវបានមហាជនសាទរ គឺជារឿងត្រឹមត្រូវល្អណាស់ សម្រាប់ការអនុវត្តច្បាប់នៅកម្ពុជា និងសូមឱ្យ ក្រសួងមុខងារសាធារណៈ , អង្គភាពប្រឆាំងអំពើពុករលួយ , ក្រសួងមហាផ្ទៃ មេត្តាពិនិត្យនីតិសម្បទាវិជ្ជាជីវៈការងារទៅលើ លោកស្រី វី ស្រីពៅ ផង។

សូមបញ្ជាក់ឡើងវិញថា កាលពីនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ (មានន័យថា កាលពីជាង១០ខែមុន) កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះ បង្ក្រាបផលិតផល ម្សៅ ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងផ្សេងៗ គ្មានច្បាប់អនុញ្ញាត និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ របស់ក្រុមហ៊ុនសម្រស់ធារ៉ានេះ នៅផ្ទះវីឡាគ្មានលេខមួយកន្លែង លើផ្លូវលំ ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង, នៅពេលថ្មីៗនេះ គេបានលើកទីតាំងថ្មី ទៅដាក់នៅចំងាយប្រមាណ ៣០០ម៉ែត្រ ពីទីតាំងចាស់ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចតាមទៅតាមបិទជាបន្តទៀត។

កាលនោះ សមត្ថកិច្ចជំនាញរកឃើញថា សកម្មភាពរបស់ក្រុមហ៊ុនសម្រស់ធារ៉ា នេះ ពិតជាគ្មានច្បាប់ទម្លាប់ និងបទដ្ឋាបច្ចេកទេសត្រឹមត្រូវមែន និងរកឃើញសារធាតុគីមី ÷

1-CHLORAMPHENICOL ,
2- TRANLACOL (សមឡើងពី DEXAMETHASON) ,
3- GENTRIDECME ,
4- CORTICO NON STIROITE ,
5- FLUCO-N ,

សារធាតុទាំងនេះ បំផ្លាញដល់សុខភាពស្បែក ធ្វើឱ្យខូចស្រទាប់កោសិកាក្នុងរយៈពេលវែង ៤ ទៅ ៥ឆ្នាំ ដូចជា ធ្វើឱ្យងាប់កោសិកាស្បែក រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹងទៀតផង, ដូច្នេះ ផលិតផលនេះ គួរឱ្យខ្លាចខ្លាំងណាស់ និងជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ហើយថ្មីៗនេះ ការបញ្ចេញមតិ-យោបល់ របស់អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលសម្រស់ធារ៉ា បង្ហាញពីការរមាស់មុខ , ស្ដើងស្បែកមុខ , ចេញសរសៃរវាមលើផ្ទៃមុខ , ចេញអាចម៍រុយលើមុខ , ស្បែកស្ដើង , រមាស់រោលក្រហម , ។ល។ និង ។ល។ នេះគឺជាការស្ដែងចេញឱ្យឃើញដូចនឹងអ្វីដែលសមត្ថកិច្ចជំនាញគេបានត្រួតពិនិត្យយ៉ាងដូច្នោះ , ករណីបទល្មើសរបស់ក្រុមហ៊ុនសម្រស់ធារ៉ានៅខេត្តស្វាយរៀងនេះ មិនទាន់ចប់នៅឡើយទេ គឺកំពុងស្ថិតក្នុងដៃចៅក្រមជំនុំជម្រះ។

ដូច្នេះ ការចេញមុខកាងរបស់លោកស្រី វី ស្រីពៅ ទៅលើក្រុមហ៊ុនសម្រស់ធារ៉ា គឺជាការធ្វើឱ្យក្រសួងអធិការកិច្ច ដែលជាក្រសួងមុខងារសាធារណៈរបស់រដ្ឋអបលក្ខណ៍មុខមាត់ខ្លាំងណាស់, សូមក្រសួងអធិការកិច្ច មេត្តាជួយពិនិត្យលើសកម្មភាព និងឥរិយាបថ របស់លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការរូបនេះផង។សូមអាជ្ញាធរមានសមត្ថកិច្ច ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងមុខងារសាធារណៈ , អង្គភាពប្រឆាំងអំពើពុករលួយ , ក្រសួងមហាផ្ទៃ មេត្តាពិនិត្យនីតិសម្បទាវិជ្ជាជីវៈការងារទៅលើ លោកស្រី វី ស្រីពៅ ផង កុំឱ្យធ្វើការងារឡូកឡំ ប្រឡាក់ប្រឡូស បែបនេះទៀត, និងមេត្តាបន្តពង្រឹងការបោសសម្អាតបទល្មើសទៅលើក្រុមហ៊ុនសម្រស់ធារ៉ាឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យសង្គមកម្ពុជាទទួលបានភាពស្អាតស្អំពីការប្រើប្រាស់ផលិតផលសម្អាង និងក៏ដូចជាចូលរួមការពារដល់អ្នកប្រើប្រាស់ផលិតផលទាំងឡាយ ជាពិសេស កុំឱ្យមានផលិតផលកូរដោយដៃ កូរដោយម៉ាស៊ីនទឹកក្រឡុក គ្មានស្តង់ដារបទដ្ឋានបច្ចេកទេស ដូចផលិតផលសម្រស់ធារ៉ានេះជាដើម៕ ពិសិដ្ឋ CEN

×