ភ្នំពេញ៖ អតីតបុគ្គលិក វិទ្យុអាស៊ីសេរី ចំនួន២នាក់ បានប្រកាសទាមទារ ប្រាក់អត្ថប្រយោជន៍ ការងារ ពីថ្នាក់ដឹកនាំ វិទ្យុអាស៊ីសេរី ដែលក្នុងម្នាក់ៗ ចំនួនជិត៣ម៉ឺនដុល្លារ ក្រោយពេលពួកគេ បានបំពេញការងារ យ៉ាងស្វិតស្វាញ អស់រយៈពេល ជាង១០ឆ្នាំកន្លងមក។
លោក សុខ រដ្ឋា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ហៅ រដ្ឋា វិសាល និងអ្នកស្រី អ៊ុក សាវរី សុទ្ធតែបានបញ្ជាក់ ប្រហាក់ប្រហែកគ្នាថា មូលហេតុថ្នាក់ដឹកនាំ វិទ្យុអាស៊ីសេរី (RFA) មិនផ្តល់ប្រាក់អត្ថប្រយោជន៍ ២៨០០០ដុល្លារ ដោយសារតែស្ថាប័នមួយនេះ បានបញ្ឈប់ពួកយើងពីការងារ ដោយបង្ខំ និងបិទការិយាល័យនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទកាសែត នៅភោជនីយដ្ឋាន Park Cafe នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលធ្វើឡើងដោយ អតីតអ្នកយកព័ត៌មាន ឲ្យវិទ្យុអាស៊ីសេរីចំនួន២នាក់ ពាក់ព័ន្ធប្រធានបទ ការទាមទារប្រាក់ អត្ថប្រយោជន៍ វិទ្យុអាស៊ីសេរី គឺលោក រដ្ឋា វិសាល និងអ្នកស្រី អ៊ុក សាវរី ។ លោកវិសាល បានថ្លែងយ៉ាងដូច្នេះថា៖ ពួកយើងទាមទារ ឲ្យមានការទទួលខុសត្រូវមួយ ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំស្ថាប័ន វិទ្យុអាស៊ីសេរី ដែលត្រូវផ្តល់ប្រាក់ អត្ថប្រយោជន៍ការងារ ដែលត្រូវឲ្យពួកយើងខ្ញុំ ។ មូលហេតុដែលធ្វើយើងទាមទារនេះ ដោយសារថា នៅពេលដែលវិទ្យុអាស៊ីសេរី បញ្ឈប់ ឬបិទការិយាល័យ នៅប្រទេសកម្ពុជា ។ វិទ្យុអាស៊ីសេរី បានហៅពួកយើងខ្ញុំ មកពីបណ្តាខេត្ត ក៏ដូចជារាជធានីភ្នំពេញ មកថាបានបញ្ចប់កិច្ចសន្យា ជាបណ្តោះអាសន្ន ហើយនឹងសងប្រាក់ អត្ថប្រយោជន៍ ដល់យើងខ្ញុំ ប៉ុន្តែរហូតមកដល់ពេល ខ្ញុំរង់ចាំអស់រយៈពេល ជាង២ខែ មកហើយ ថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី មិនបានផ្តល់ប្រាក់ អត្ថប្រយោជន៍ ដល់ខ្ញុំនោះទេ ដូចការសន្យាទេ ហើយវិទ្យុនេះ បានប្រាប់ថា គេបានកាត់ឈ្មោះខ្ញុំ ចេញពីបញ្ជីបើកប្រាក់ អត្ថប្រយោជន៍នេះ ។ បុគ្គលិកផ្សេងទៀត បានទទួលប្រាក់អត្ថប្រយោជន៍ ពីវិទ្យុអាស៊ីសេរី លើកលែងតែខ្ញុំមួយទេ ដែលមិនទទួលបានប្រាក់នោះ ។ លោកបន្តថា ករណីនេះ ខ្ញុំបានធ្វើលិខិតមួយ ជូនទៅអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដើម្បីជួយអន្តរាគមន៍ ទៅក្រុមប្រឹក្សាភិបាល នៃការផ្សាយ វិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីឲ្យលោក ជួយអន្តរាគមន៍ធ្វើយ៉ាងម៉េច ឲ្យមានការទទួលខុសត្រូវ ប្រគល់ប្រាក់ អត្ថប្រយោជន៍ការងារ ដូចបុគ្គលិកដទៃទៀត ។ លោក បន្តថា ខ្ញុំបានបម្រើការងារ ឲ្យវិទ្យុអាស៊ីសេរីចំនួន១៣ឆ្នាំ ដូច្នេះ ខ្ញុំគួរតែទទួលបាន ប្រាក់អត្ថប្រយោជន៍នេះ ស្របតាមច្បាប់ការងារ នៅក្នុងប្រទេសកម្ពុជា និងច្បាប់ការងារ របស់សហរដ្ឋអាមេរិក ។ លោកក៏បានអំពាវនាវ ដល់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ។
មូលហេតុដែលគេ សម្រេចកាត់ផ្តាច់ខ្ញុំ ចេញពីបញ្ជីបើកប្រាក់នេះ គឺដោយខ្ញុំបានធ្វើវីដេអូឃ្លីបមួយ បញ្ជាក់ថា វិទ្យុអាស៊ីសេរី បានបិទការិយាល័យរបស់ខ្លួន នៅរាជធានីភ្នំពេញ គេពុំបានប្រាប់ថា ហេតុផលនេះប៉ះពាល់យ៉ាងម៉េចទេ។
បើតាមលោកវិសាល បានបញ្ជាក់ថា ការបិទការិយាល័យ របស់វិទ្យុអាស៊ីសេរីនេះ គឺជារបៀបលួចលាក់ ព្រោះប្រាប់លោក និងបុគ្គលិកថា បញ្ចប់កុងត្រាបណ្តោះអាសន្ន ហើយឱ្យធ្វើព័ត៌មានដោយលួចលាក់ បញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលជាការជំរុញឱ្យ អ្នកសារព័ត៌មាន ប្រព្រឹត្តផ្ទុយនឹងច្បាប់ ដូច្នេះលោកមិនអាចធ្វើរបៀបនេះបានទេ ហើយត្រូវតែរាយការណ៍ ជូនដល់សមត្ថកិច្ច។
ចំណែកអ្នកស្រី អ៊ុក សាវរី ដែលជាអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ក៏បានថ្លែងផងដែរថា វិទ្យុអាស៊ីសេរី បានបញ្ឈប់ខ្ញុំ ពីការងារកាលពីឆ្នាំ២០១៥ ដោយសារតែ មិនទៅប្រចាំការ នៅតាមបណ្តាខេត្ត ហើយកាលពីមុន វិទ្យុអាស៊ីសេរី បានឲ្យប្រាក់ឧបត្ថម្ភ ចំនួន៦០០ដុល្លារ ក្នុងមួយខែ ប៉ុន្តែសម្រាប់ខ្ញុំ វិទ្យុអាស៊ីសេរី បានឲ្យតែ១០០ដុល្លារ បន្ថែមពីលើប្រាក់ខែ ប៉ុន្តែខ្ញុំមិនព្រមទៅ ប្រចាំការនៅតាមខេត្ត ដែលជាបញ្ហាពីព្រោះខ្ញុំជាស្រី មិនអាចទៅយកព័ត៌មាននៅតាមខេត្ត តែម្នាក់បានទេ ដោយសារតែបញ្ហា សន្តិសុខ សុវត្ថិភាព ផ្ទាល់ខ្លួន ។ មូលដូច្នេះហើយ ទើបបានជាវិទ្យុអាស៊ីសេរី បញ្ឈប់ខ្ញុំ ពីការងារ ហើយខ្ញុំបានសុំប្រាក់ អត្ថប្រយោជន៍ការងារ ក៏គេមិនឲ្យ ទើបខ្ញុំទុករយៈពេលមួយឆ្នាំ ខ្ញុំបានប្តឹងចូលទៅតុលាការ ហើយតុលាការ បានកាត់ក្តីឲ្យខ្ញុំឈ្នះក្តី ដោយទទួលបានសាលក្រម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្តី ឲ្យមកខ្ញុំ ដោយទទួលបានប្រាក់ អតីតភាពការងារ ជាង២៨០០០ដុល្លារ ហើយតាំងពីខ្ញុំឈ្នះក្តីនេះមក ខ្ញុំអត់បានទទួលប្រាក់ ដែលតុលាការ សម្រេចឲ្យឈ្នះក្តី លើវិទ្យុអាស៊ីសេរីនោះទេ ។ លោកស្រី បានបញ្ជាក់ថា ខ្ញុំសូមស្ថាប័នវិទ្យុអាស៊ីសេរី ទទួលខុសត្រូវ នូវការចាញ់ក្តីរបស់ខ្លួន ហើយសូមឲ្យស្ថានទូតអាមេរិកាំង ដែលកំពុងមានវត្តមាន នៅប្រទេសកម្ពុជា ជំរុញឲ្យវិទ្យុអាស៊ីសេរី គោរពនូវលក្ខខណ្ឌការងារ និងគោរពច្បាប់ នៅក្នុងប្រទេសកម្ពុជា ពីព្រោះថាស្ថានទូតអាមេរិក និងប្រទេសអាមេរិក ជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ៕ដោយ៖បញ្ញាស័ក្តិ