Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្តោះអាសន្ន រយៈពេល០៦ ខែទៀត

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង អំពីការកែសម្រួលវិធានការហាមឃាត់ ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកជាបណ្តោះអាសន្នរយៈពេល០៦ ខែទៀត។​​

ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤កន្លងទៅក្រសួងកសិកម្ម បានពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចេញ។ ​

តាមរយៈសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ដោយឡែកការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង(Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានអបអរសាទចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលគិតគូរដល់ជីវភាពរបស់ប្រជាកសិករ ត្បិតការនាំសាច់បង្កកនាពេលកន្លងមក បានជះឥទ្ធិពលនិងផលអវិជ្ជមានដល់វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា។ លោកស្រ៊ុន ពៅ បន្តថា ការបន្តផ្អាកនាំចូលចំណែកសាច់បង្កក និងគ្រឿងក្នុង ៦ខែទៀតនេះ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកចិញ្ចឹមនៅក្នុងស្រុក ដែលចំណុចទាំងនេះហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធបានគិតគូរបានត្រឹមត្រូវ។ ការបិទផ្អាកការនាំចូលកន្លងមកនេះ កម្ពុជាមិនមានខ្វះខាតសាច់ទេ មានតែនៅសល់ថែមទៀតផង។ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាក៏អំពាវនាវឱ្យកសិករអ្នកចិញ្ចឹម ត្រូវចិញ្ចឹមសត្វតាមស្តង់ដារមួយដែលប្រកបដោយគុណភាពខ្ពស់។

ជាមួយគ្នានេះ លោកស្រ៊ុន ពៅ ក៏បានស្នើសុំឱ្យសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ សុំចាត់វិធានការឱ្យបានតឹងរឹងបន្ថែមទៀត ខណៈលោកមើលឃើញថា រយៈ៦ខែកន្លងមកនេះ ដែលរាជរដ្ឋាភិបាល បានផ្អាកការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងនៅលើទីផ្សារ ប៉ុន្តែនៅតែឃើញមានដាក់លក់ជាហូរហែរនូវសាច់បង្កក ដែលក្រសួងបានហាមឃាត់នេះ។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដល់ក្រុមហ៊ុននាំចេញ-នាំចូលថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល០៦ ខែបន្ថែមទៀត ដែលមានសុពលភាពចាប់ពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លើមុខទំនិញដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយ។ វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕

×