ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា និងផ្តល់អត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យ និងទៀងទាត់ ដល់បងប្អូនកម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ការគិតគូរលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតនេះ គឺជាគោលនយោបាយមួយយ៉ាងសំខាន់ និងចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា បានចាប់ផ្តើមតាំងតែពីមានប្រាក់ឈ្នួលប្រចាំខែចំនួន ៤០ដុល្លារនៅឆ្នាំ១៩៩៧ រហូតដល់ ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា បើសិនយើងមើលទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដែលកំពុងមានភាពផុយស្រួយនេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរនៅក្នុងប្រទេសមួយចំនួនពុំត្រូវបានដំឡើងបន្ថែមនោះទេ។ ជាក់ស្តែង នៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្កា មានប្រាក់ឈ្នួលអប្បបរមានៅទាបជាង ១០០ដុល្លារ ខណៈប្រទេសបង់ក្លាដេស និងប៉ាគីស្ថាន មានប្រាក់ឈ្នួលអប្បបរមាទាបជាង១២០ដុល្លារ រីឯប្រទេសវៀតណាម និង ឥណ្ឌា មានចំនួនចន្លោះពី ១៤០ដុល្លារ ទៅ ២០៤ដុល្លារ អាស្រ័យតាមតំបន់។ ប៉ុន្តែសម្រាប់កម្ពុជា រាជរដ្ឋាភិបាលនៅតែសម្រេចបានការបង្កើនប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយោជិត ឡើងដល់២០៤ដុល្លារ នៅក្នុងឆ្នាំ២០២៤នេះ ខណៈពេលបច្ចុប្បន្នក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាននិងកំពុងបន្តកិច្ចប្រជុំត្រីភាគី ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ដោយផ្អែកលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច។
ជាការកត់សំគាល់ ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ បងប្អូនកម្មករនិយោជិត កំពុងទទួលបានប្រាក់ឈ្នួលលើសពី ២១៧ដុល្លារក្នុងមួយខែ ដោយរួមបញ្ចូលទាំងប្រាក់ខែគោល រួមនិងអត្ថប្រយោជន៍ជាច្រើនទៀតដែលផ្តល់ដោយភាគីនិយោជក ដូចជាប្រាក់សោហ៊ុយធ្វើដំណើរ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ, ប្រាក់ថ្លៃបាយ, ហើយប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោងទៀតនោះ កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ផ្សេងៗទៀតពី ប.ស.ស.។ ជាក់ស្តែង ភាគីនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនបានផ្តល់ប្រាក់អត្ថប្រយោជន៍លើសពីគោលការណ៍កំណត់ទៅទៀត។
ទន្ទឹមនឹងការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទាំងនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់ ដូចជា បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ភាគទានជំនួសបងប្អូនកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់ ៥០% ក្នុងផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកាបានប្រមាណជា ៦ដុល្លារ ក្នុង១ខែនិងអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ចំពោះបងប្អូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ទទួលបានការយកចិត្តទុកដាក់តាមរយៈប្រព័ន្ធគាំពារសង្គមចាប់តាំងពីមានផ្ទៃពោះ ពេលសម្រាលកូន រហូតកូនមានអាយុក្រោម ២ឆ្នាំ ដោយក្នុងនោះ គឺទទួលបានការពិនិត្យផ្ទៃពោះមុនពេលសម្រាលចំនួន ៤លើក ការចាក់វ៉ាក់សាំងនិងពិនិត្យសុខភាពក្រោយពេលសម្រាលកូនចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨ម៉ឺនរៀល។ ចំណែកនៅពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនម្នាក់, ១លាន ២សែនរៀលសម្រាប់កូនភ្លោះពីរនាក់, និងសម្រាប់កូនភ្លោះ ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ៦សែនរៀល រួមនិងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀលពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ទន្ទឹមនេះ បងប្អូនកម្មករនិយោជិតជាស្ត្រី ដែលឈប់សម្រាកលំហែរមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០% ក្នុងនោះ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស.។
ឯកឧត្តមរដ្ឋលេខាធិការជឿជាក់ថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ជូនដល់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងសម្រេចបាននូវតួលេខដ៏សមស្របបំផុតដោយឈរលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជាពិសេសផ្អែកទៅលើភាពចាស់ទុំ និងប្រកបដោយវិជ្ជាជីវៈរបស់តំណាងត្រីភាគី គឺតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការសម្របសម្រួល៕