Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារពិសេស ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

បើតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ កន្លងទៅបានឲ្យដឹងថា សហគ្រាសចំនួន ៧៧ម៉ឺន ច្រើនជាង ៩៧ភាគរយ ជាសហគ្រាសធុនមីក្រូ និងភាគច្រើនស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

អ្នកជំនាញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម បានឲ្យដឹងថា ការបង្កើតក្រុមការងារពិសេសនេះ គឺពិតមានតួនាទីបង្កើតបរិយាកាសអំណោយផលបន្ថែមទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធឱ្យមានភាពរីកចម្រើនប្រកបដោយចីរភាព និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬអាជីវកម្មខ្នាតតូច គឺជាឆ្អឹងខ្នងរបស់ជាតិ ដែលរួមចំណែកជួយប្រទេសជាតិរីកចម្រើន។ អាជីវកម្មខ្នាតតូច គឺជាផ្នែកមួយនៃការលើកកម្ពស់ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកស្រី កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យមក្រៅប្រព័ន្ធនៅកម្ពុជា មានចំនួនដល់ទៅ ៩០ភាគរយ។ ការគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបង្កើតគោលនយោបាយទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យម ពិតជាអាចជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយជាផ្នែកមួយនៃដំណើរការបង្កើតគោលនយោបាយ ដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគេ”។ ការសម្រេចចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត (នៃការបង្កើតក្រុមការងារពិសេស) ពិតជាអាចជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

ការបង្កើតក្រុមការងារនេះ គឺអាចធ្វើឲ្យសម្តេចនាយករដ្ឋមន្រ្ដី ដឹងអំពីរបាយការណ៍ ដោយជៀសវាងរបាយការណ៍មួយចំនួនដែលបង្កការលំបាកក្នុងការធ្វើការសម្រេចចិត្ត។ តាមរយៈការបង្កើតក្រុមការងារនេះ នាយករដ្ឋមន្ត្រី អាចដឹងពីស្ថានភាពជាក់ស្តែងរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រេចបាននូវអនុសាសន៍ ឬគោលការណ៍ណាមួយ៕

×