ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការទប់ស្កាត់លុបបំបាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ដោយឃាត់ខ្លួនជនសង្ស័យ២ នាក់ ទី១ /ឈ្មោះ គឹម ស៊ីឌួក ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៧០២៦៧៥៨០ មានអាសយដ្ឋានស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ ទី២ /ឈ្មោះ សៀក ស្រីនឿន ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ កាន់អត្ដសញ្ញាណប័ណ្ណលេខ ០៣០៥១៤០១២ មានអាសយដ្ឋានស្ថិតនៅសាលាបណ្តុះបណ្តាលភាសាជប៉ុនឌ្រីមមែនផៅវ័រ ផ្ទះលេខ៣១-៣៤ ផ្លូវបេតុង បុរីហុងឡាយ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ចំនួន ០១នាក់៖ ទី១ /ឈ្មោះឡុង សុវណ្ណារិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ សភាពរឿងហេតុ៖ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ឡុង សុវណ្ណារិទ្ធី ករណីលួចកន្លែងបន្លំ QR CODE ដើម្បីទទួលបានទឹកប្រាក់ ចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល) ពីជនរងគ្រោះ។
ក្រោយពីការស្ដាប់ចម្លើយរបស់ជនរងគ្រោះឈ្មោះ ឡុង សុវណ្ណារិទ្ធី និងការបើកស៊ើបអង្កេតបឋមរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តមណ្ឌលគិរីឃើញថា៖ មានការHack តេឡេក្រាម (Telegram) របស់ឈ្មោះ ឡុង សុវណ្ណារិទ្ធី ដើម្បីផ្ញើ QR CODE ពីតេឡេក្រាម (Telegram ) របស់ឈ្មោះ ឡុង សវុណ្ណរិទ្ធី ទៅឱ្យតេឡេក្រាម (Telegram) របស់ឈ្មោះ ហ៊ាង លាងហ៊ន់ ដើម្បីទូទាត់ប្រាក់ថ្លៃទិញលក់ស្រូវ។ ស្រាប់តែនៅពេល ឈ្មោះ ហ៊ាង លាងហ៊ន់ ធ្វើការ ទូទាត់ប្រាក់ ស្រាប់តែមាន QR CODE (កុងធនាគារ) របស់ឈ្មោះ គឹម ស៊ីឌួក ជាអ្នកទទួលប្រាក់សរុប ចំនួន៤០.០០០.០០០៛ (សែសិបលានរៀល) ទៅវិញ។ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានធ្វើការសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ រួមមានឈ្មោះ សៀក ស្រីនឿន ភេទស្រី កើតឆ្នាំ១៩៩២ និងឈ្មោះ គឹម ស៊ីឌួក ភេទប្រុស កើតឆ្នាំ១៩៨៩។
ក្រោយពីការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរខាងលើឃើញថា៖ ឈ្មោះ សៀក ស្រីនឿន បានទទួលបញ្ជាពី ឈ្មោះ មាន ពិសិដ្ឋ ប្រើប្រាស់លេខ ០៩៧ ៨៨៨ ៨៩៤៩ ដើម្បីទទួលប្រាក់ពីការវេរចូល និងចេញពីគណនីធនាគារផ្សេងតាមការបញ្ជារបស់ឈ្មោះ មាន ពិសិដ្ឋ ហើយទទួលបានប្រាក់ថ្នូរមកវិញពីឈ្មោះ មាន ពិសិដ្ឋ។ ចំណែកឈ្មោះ គឹម ស៊ីឌួក ជាបក្សពួករបស់ ឈ្មោះ សៀក ស្រីនឿន ក៏ជាអ្នកទទួលការវេរប្រាក់ចេញ និងចូលតាមការបញ្ជារបស់ឈ្មោះ សៀក ស្រីនឿន ក្នុងកុងមានប្រាក់ចំនួន៤០.០០០.០០០៛ (សែសិបលានរៀល) របស់ជនរងគ្រោះខាងលើផងដែរ។
ផ្អែកតាមការពិនិត្យ តាមតេឡេក្រាមដែលមានការសន្ទនា រវាងឈ្មោះ សៀក ស្រីនឿន និងឈ្មោះ គឹម ស៊ីឌួក ឃើញថាមានការវេប្រាក់ ចេញ និងចូលជាច្រើនលើកច្រើនសារ ដោយគ្មានប្រភព។
បច្ចុប្បន្នជនសង្ស័យទាំង០២ (ពីរនាក់) គឺកំពុងតែបន្ដនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី


